មេដឹកនាំចិនលោក Xi Jinping នៅថ្ងៃសុក្រទី ៣០ ខែមេសានេះ បានសម្រេចផ្តល់ជំនួយបន្ថែមដល់ប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-១៩ ដែលកំពុងរាលដាលពាសពេញប្រទេស ដោយបានដាក់ភាពតានតឹង នៅតាមព្រំដែនដែលមានជម្លោះមួយឡែកសិន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថាលោក Xi បានប្រាប់ទៅនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នៅក្នុងសាររំលែកទុក្ខកាលពីថ្ងៃសុក្រថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។
លោកបាននិយាយថា ប្រទេសចិនមានឆន្ទៈផ្តល់ការគាំទ្រ និងជំនួយបន្ថែមពីព្រោះ «មនុស្សលោកគឺជាសហគមន៍ នៃការចែករំលែក ហើយមានតែតាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ ដែលប្រទេសនានាលើពិភពលោក អាចយកឈ្នះលើជំងឺរាតត្បាតដ៏សាហាវនេះ» ។
លោក Xi បានបន្ថែមថា «ក្រោមការដឹកនាំរបស់រដ្ឋាភិបាលឥណ្ឌា ប្រជាជនឥណ្ឌាប្រាកដជានឹងយកឈ្នះ លើរោគរាតត្បាតនេះ» ។ ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា អុកស៊ីសែនដំបូងចំនួន ២៥.០០០បំពង់ បានទៅដល់ប្រទេសឥណ្ឌារួចរាល់ហើយ។ របាយការណ៍បាននិយាយថា ប្រទេសចិនបានរៀបចំដឹកជញ្ជូន បំពង់ខ្យល់ចំនួន ៥.០០០បំពង់ និងម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ២១.០០០ គ្រឿងរួចហើយ សម្រាប់ជាជំនួយដល់ប្រទេសឥណ្ឌា៕
ប្រភព៖ CNA