យោងតាមការចុះផ្សាយរបស់ VNExpress តុលាការខេត្ត Tay Ninh ភាគខាងត្បូងប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានកាត់ទោសគ្រូបង្រៀនម្នាក់ ឲ្យជាប់គុក៧ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទ លើសិស្សប្រុសថ្នាក់ទី៩ ចំនួន៤នាក់។
ជនត្រូវចោទឈ្មោះ Nguyen Hoang Nhut ភេទប្រុស អាយុ៣៩ឆ្នាំ ជាគ្រូជីវវិទ្យា នៅអនុវិទ្យាល័យ Duong Minh Chau ត្រូវបានចោទប្រកាន់ពីបទ រួមភេទ ឬធ្វើសកម្មភាពផ្លូវភេទផ្សេងទៀត ជាមួយសិស្សប្រុសដែលមានអាយុពី ១៤ ទៅ១៦ឆ្នាំ។ ជនល្មើសក៏ត្រូវបង់ប្រាក់ចំនួន ១០លានដុង (៤៣៣.១៦ដុល្លារ) ផងដែរ ជាសំណងដល់ជនរងគ្រោះម្នាក់ៗ ក្នុងចំណោមជនរងគ្រោះ៣នាក់ ដោយឡែកអ្នកទី៤ បានបដិសេធទទួលសំណង។
យោងតាមការចោទប្រកាន់បានឲ្យដឹងថា គ្រូបង្រៀនរូបនេះ បានចូលរួមក្នុងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកស្រឡាញ់ភេទដូចគ្នា កាលពីខែមិថុនាឆ្នាំ២០១៩។ គាត់កត់សម្គាល់ថា សិស្សប្រុសម្នាក់របស់គាត់ ក៏ជាសមាជិកផងដែរ។ ដំបូងគាត់បានទៅជួបសិស្ស ដោយស្នើសុំឲ្យសិស្សសម្អាតថ្នាក់រៀន។ នៅទីនោះ គាត់បានធ្វើសកម្មភាព រួមភេទតាមមាត់ជាមួយជនរងគ្រោះតែម្តង។ មួយសប្តាហ៍ក្រោយមក ជនល្មើស បានទូរស័ព្ទហៅសិស្សឲ្យមកផ្ទះខ្លួន ហើយពួកគេក៏បានរួមភេទនឹងគ្នា។ ហេតុការណ៍នេះ បានបែកធ្លាយកាលពីឆ្នាំមុន បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះម្នាក់ ដាក់ពាក្យបណ្តឹងទៅប៉ូលិស។
គួររំលឹកថា កាលពីខែតុលាឆ្នាំ២០១៩ អតីតនាយកសាលាម្នាក់ នៅភាគខាងជើងខេត្ត Phu Tho ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៨ឆ្នាំ ពីបទរំលោភផ្លូវភេទ លើសិស្សប្រុសចំនួន៩នាក់ អស់រយៈពេលជាច្រើនឆ្នាំ៕