ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី៤ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រហូតមដល់ពេលនេះ មិនមានប្រភពណាបញ្ជាក់ច្បាស់ថា ការចាក់វ៉ាក់សាំងនឹងមានប្រសិទ្ធភាពការពារ ក្នុងរយៈពេលណាមួយ ឬ១ជីវិតនោះទេ ។
សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាអាចមានលទ្ធភាពក្នុងការទទួលបាន ជំនួយវ៉ាក់សាំងប្រឆាំងកូវីដឈ្មោះ (ស៊ីណូហ្វាម Sinopharm) ពីចិនលើសពី ១លានដូស ខណៈចំនួន ៤០ម៉ឺនដូសបន្ថែម នឹងមកដល់កម្ពុជាមុនចូលឆ្នាំខ្មែរខាងមុខនេះ។ សម្តេចក៏បញ្ជាក់ជាថ្មីអំពីមូលហេតុ ដែលសម្តេចមិនអាចចាក់វ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន ដោយសារតែកត្តាអាយុដែលកំណត់គឺ ១៨ឆ្នាំដល់៥៩ឆ្នាំ ហើយវ៉ាក់សាំងថ្មីឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca )នេះ មិនមានការកំណត់អាយុនោះទេ ។
សម្តេចតេជោ បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិនានា ដែលបានជួយសម្រួបសម្រួល ក្នុងការផ្តល់ជំនួយវ៉ាក់សាំង ដល់ប្រទេសកម្ពុជានាពេលនេះ។ ប្រទេសកម្ពុជាជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នាពេលនេះ។
នៅពេលខាងមុខ កម្ពុជានឹងអាចនឹងទទួល វ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាពលរដ្ឋ ពីមជ្ឈមណ្ឌលកូវ៉ាក់ ប៉ុន្តែការទទួលនេះ នឹងធ្វើឡើងតាមដំណាក់កាលដែលឆមាសទី១ កម្ពុជានឹងបានជាង១លានដូស និងជំហានបន្តបន្ទាប់ទៀត។ សម្តេចតេជោ បានស្នើឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca ) ជូនប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ជាពិសេសជំហានដំបូងអាទិភាពសំខាន់ គឺខេត្តក្រុងគោលដៅចំនួនបីគឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលជាខេត្តក្រុងប្រឈម នឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលទាមទារឲ្យមានការចាក់ ជាបន្ទាន់ទៅដល់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការឆ្លងជំងឺនេះ។
សម្តេចតេជោ បន្ថែមថា ការរក្សាទុក វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) មានរយៈពេល១ឆ្នាំ នឹងផុតកំណត់ ចំណែកវ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca )មានរយៈពេលត្រឹម ៦ខែប៉ុណ្ណោះ នឹងហួសពេលកំណត់ហើយ។ សម្តេចតេជោបានអនុញ្ញាតឱ្យមន្រ្តីទូត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជាអាចទទួលបាន វ៉ាក់សាំង Astra Zeneca នៅកម្ពុជាបាន ដោយមិនមានការគិតថ្លៃអ្វីនោះទេ។ សម្តេចតេជោបានប្រកាសថា មន្រ្តី និងប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងលើ នឹងផ្តល់លទ្ធភាពឱ្យចាក់វ៉ាក់សាំង ឈ្មោះ អាស្ត្រាហ្សេនីកា (Astra Zeneca ) ចំណែកអ្នកអាយុ៥៩ឆ្នាំ ចុះក្រោម អនុញ្ញាតឱ្យចាក់វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម( Sinopharm)ដោយសារចំនួនវ៉ាក់សាំងមានកម្រិត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការចាក់វ៉ាក់សាំងមិនមែនជាដំណោះស្រាយ ក្នុងការលុបបំបាត់កូវីដ-១៩ពីកម្ពុជានោះទេ ប៉ុន្តែត្រូវបូករួមជាមួយនឹងវិធានការ (បីកុំ និងបីការពារ )ថែមទៀតទើបជាដំណោះស្រាយដ៏ល្អ និងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ រហូតមដល់ពេលនេះ មិនមានប្រភពណាបញ្ជាក់ច្បាស់ថា ការចាក់វ៉ាក់សាំងនឹងមានប្រសិទ្ធភាពការពារ ក្នុងរយៈពេលណាមួយ ឬ១ជីវិតនោះទេ ដូច្នេះមានតែវិធីការពារអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល តែប៉ុណ្ណោះទើបល្អប្រសើរ» ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រកាសថា កម្ពុជាទទួលយកការផ្គត់ផ្គង់វ៉ាក់សាំង ១សែនដូសពីឥណ្ឌា ប៉ុន្តែកម្ពុជានឹងស្នើទិញ ១លានដូសថែមទៀត នៅខែឧសភា ខាងមុខនេះ។ ក្រៅពីវ៉ាក់សាំងស៊ីណូហ្វាម និង អាស្ត្រាហ្សេនីកា កម្ពុជាកំពុងពិនិត្យមើលវ៉ាក់សាំងប្រភេទផ្សេងៗ មួយចំនួនទៀតផងដែរ។
នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋ កុំធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បើមិនចាំបាច់នោះទេ និងអំពាវនាវដល់ពលរដ្ឋខេត្តព្រះសីហនុ កុំចេញឆ្លងខេត្តដទៃទៀតក្នុងមួយរយៈពេលនេះ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងជាហូរហែនោះ ។ ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏បានសម្រេចផ្អាកការធ្វើដំណើររបស់ ប្រជាពលរដ្ឋទេសចរណ៍ចូលខេត្តព្រះសីហនុ ប៉ុន្តែការដឹកទំនិញចេញចូលនៅប្រព្រឹត្តដដែល និងបានបន្តអំពាវនាវជាថ្មី ឱ្យប្រជាពលរដ្ឋនៅភ្នំពេញ កុំចេញពីផ្ទះ បើសិនជាគ្មានភាពចាំបាច់នោះទេ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។ សម្តេចតេជោ ក៏បានឯកភាពជាមួយសំណើក្រសួងអប់រំ ឱ្យបិទសាលារៀន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មួយរយៈបន្តទៀត៕
















