រ៉ង់ហ្គូន៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា បាតុករកាន់តែច្រើនឡើងៗ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា និងទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី អមជាមួយពាក្យស្លោកថា «អតីតមិត្តប្រុសរបស់ខ្ញុំ គឺចិត្តអាក្រក់ ប៉ុន្តែយោធា មីយ៉ាន់ម៉ា រឹតតែអាក្រក់ជាងគាត់ទៅទៀត» ។
បាតុកម្មតវ៉ា បានឈានចូលដល់ថ្ងៃទី៣ នៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយក្រុមបាតុករ មិនទាន់បង្ហាញពីសញ្ញាដកថយឡើយ ខណៈយោធាមីយ៉ាន់ម៉ា ព្រមានថានឹងប្រើប្រាស់ កម្លាំងបាយ ដើម្បីបង្រ្កាបបាតុកម្មតវ៉ា ដែលពួកគេចាត់ទុកថាខុសច្បាប់ និងរក្សាស្ថិរភាព ព្រមទាំងសន្តិសុខនៅក្នុងប្រទេស។ នៅក្នុងបាតុកម្ម កាលពីថ្ងៃចន្ទ នោះដែរ យុវជនមីយ៉ាន់ម៉ា ដែលភាគច្រើនមានអាយុក្រោម ២៤ឆ្នាំ បាននំាគ្នាស្រែកច្រៀងថ្កោលទោសយោធា អមជាមួយការស្រែកច្រៀងពាក្យស្លោក សរសេរលើផ្ទាំងបដាដ៏គួរឱ្យទាក់ទាញ ដែលពួកគេបង្កើតឡើងដោយខ្លួនឯង។
នៅលើផ្ទាំងបដារបស់យុវតីម្នាក់ គេឃើញមានពាក្យស្លោកសរសេរជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា «អតីតមិត្តប្រុសរបស់ខ្ញុំ គឺចិត្តអាក្រក់ ប៉ុន្តែយោធា មីយ៉ាន់ម៉ា រឹតតែអាក្រក់ជាងគាត់ទៅទៀត»។ ដោយឡែកយុវតីម្នាក់ទៀត ក៏បានសរសេរដែរថា «ខ្ញុំមិនត្រូវការរបបផ្ដាច់ការទេ ខ្ញុំគ្រាន់តែចង់បានមិត្តប្រុសម្នាក់តែ ប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ប្រឈមមុខនឹងបាតុកម្មតវ៉ា ដែលកាន់តែក្ដៅគគុក យោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក នៅក្នុងទីក្រុង Mandalay។ ច្បាប់អាជ្ញាសឹកនេះ នឹងគ្របដណ្ដប់លើទីក្រុងតូចៗ ចំនួន៧ នៃទីក្រុង Mandalay ដោយហាមឃាត់ប្រជាជនពីការធ្វើបាតុកម្មតវ៉ា ឬការប្រមូលផ្ដុំគ្នាចាប់ពីមនុស្ស ៥នាក់ឡើងទៅ រួមជាមួយបម្រាមគោចរចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៤ព្រឹក ។ ការប្រកាសដាក់ចេញបម្រាមដូចគ្នា ក៏ត្រូវបានធ្វើឡើងដែរ នៅក្នុងទីក្រុងមួយនៃតំបន់ អាយ៉េយ៉ាវ៉ាដឌី (Ayeyarwaddy)៕





