អ្នកទេសចរត្រូវបានហាមប្រាមដោយអាជ្ញារធរ ចំពោះហានិភ័យនៃផ្ទាំងថ្មមួយដ៏ធំនៅកោះ Talu នៃខេត្ត Krabi ប្រទេសថៃ ដែលត្រូវបានកាត់ផ្តាច់ជា២កំណាត់ ដោយឥទ្ធិពលខ្យល់ និងរលក។ លោក Prayoon Pongpan ប្រធានឧទ្យានជាតិ Hat Noppharat Thara-Mu Ko Phi Phi បានចុះទៅត្រួតពិនិត្យតំបន់នោះផងដែរកាលពីថ្ងៃពុធកន្លងទៅ។
លោកបានមានប្រសាសន៍ថា «ថ្មដែលបានបាក់នោះមានទម្ងន់ពី ៣ ទៅ ៥ម៉ឺនតោន ហើយការបាក់នេះ បានធ្វើឱ្យខូចខាតដល់ផ្កាថ្ម ២០ភាគរយនៅខាងក្រោមផ្ទៃទឹក។ យើងជឿជាក់ថាថ្មនេះបានបាក់ដោយសារខ្យល់ខ្លាំង និងរលកដែលនាំមកដោយព្យុះកាលពីសប្តាហ៍មុន»។
លោកបានបន្ថែមថា កោះនេះមានស្នាមប្រេះជាច្រើន ដែលឧទ្យានជាតិនឹងធ្វើការវិភាគ ដើម្បីទប់ស្កាត់បញ្ហាស្រដៀងគ្នានាពេលអនាគត ហើយលោកបានសង្កត់ធ្ងន់ថា «ភ្ញៀវទេសចរគួរតែនៅឆ្ងាយពីតំបន់នោះ ព្រោះវាមានគ្រោះថ្នាក់» ៕
ប្រភព៖ The Nation Thailand