អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃច័ន្ទថា ទឹកជំនន់ភ្លាមៗដែលបានវាយប្រហារតំបន់ភាគអាគ្នេយ៍ នៃប្រទេសបារាំង ក្នុងតំបន់ Alpes-Maritimes កាលពីចុងសប្តាហ៍មុនបានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង ២០នាក់ទៀតកំពុងបាត់ខ្លួន។ ថ្លែងប្រាប់វិទ្យុ France Info លោក Charles-Ange Ginesy ប្រធានក្រុមប្រឹក្សានាយកដ្ឋាន Alpes-Maritimes បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង លោកបានមានប្រសាសន៍ថា «ខ្ញុំព្រួយបារម្ភថាចំនួនអ្នកស្លាប់នឹងកើនឡើង ហើយខណៈការរុករកអ្នកបាត់ខ្លួនកំពុងបន្ត ហើយចំនួនខូចខាតផ្ទះសម្បែង ក៏មានច្រើន»។
កាលពីថ្ងៃសុក្រព្យុះ Alex បានវាយប្រហារឆ្នេរ French Riviera ដែលមានកម្រិតទឹកភ្លៀងរហូតដល់ ៥០០មីលីម៉ែត្រ បានធ្លាក់ចុះនៅ Saint-Martin-Vesubie និងមានភ្លៀងជិត ៤០០មីល្លីម៉ែត្រទៀតបានវាយប្រហារទីក្រុងជាច្រើនទៀត។
ក្រុមអ្នកជួយសង្គ្រោះប្រមាណ ១.០០០នាក់ និងឧទ្ធម្ភាគចក្រ ១២គ្រឿងត្រូវបានដាក់ពង្រាយ ដើម្បីអនុវត្តប្រតិបត្តិការ ជួយសង្គ្រោះ នៅក្នុងតំបន់រងគ្រោះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងចុះពិនិត្យតំបន់រងគ្រោះក្នុងសប្តាហ៍នេះ៕
ប្រភព៖ Xinhua