សូម្បីតែ FBI ក៏ព្រមានពីការបោកប្រាស់ ធ្វើជាស្រឡាញ់ តាមអ៊ីនធឺណិតដែរ

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នេះមិនមែនជារឿងថ្មីនោះទេ ដែលករណីជនខិលខូចប្រើល្បិច បោកប្រាស់ស្នេហាតាមប្រព័ន្ធអ៊ីនធឺណិត នៅពេលដែលពួកគេមាន ទំនាក់ទំនងស្នេហា ដោយមិនបានជួបគ្នាផ្ទាល់ ហើយពួកគេធ្វើជាស្រឡាញ់ និងបញ្ចុះបញ្ចូលលួងលោម ជនរងគ្រោះដើម្បីបោកប្រាស់យកលុយ។

រឿងនេះមិនមែនកើតមានតែ នៅបណ្តាប្រទេសផ្សេងៗនោះទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជាយើង ក៏មានករណីបែបនេះកើតឡើង ជាច្រើនកន្លងមកផងដែរ។ ថ្មីៗនេះ FBI កំពុងព្រមានដល់បុគ្គល ទាំងឡាយណាដែលប្រើ កម្មវិធីណាត់ជួបតាមអ៊ីនធឺណិត (Online Dating Apps) និងតាមរយៈទម្រង់ផ្សេងៗទៀត ដើម្បីឱ្យមានការប្រុងប្រយ័ត្ន នឹងអ្នកបោកប្រាស់។

យោងតាម FBI’s Internet Crime Complaint Center (IC3) បានឱ្យដឹងថា ខ្លួនបានទទួលពាក្យបណ្តឹង ទាក់ទងទៅនឹងការបោកប្រាស់ស្នេហា ឬសេចក្តីទុកចិត្តជិត ២០,០០០បណ្តឹង កាលពីឆ្នាំ២០១៩ ដោយមានការខាតបង់ប្រាក់ ជិតកន្លះពាន់លានដុល្លារ។ ការបោកប្រាស់ទាំងនេះមិនមែន គ្រាន់តែជាការខាតបង់ ផ្នែកហិរញ្ញវត្ថុសម្រាប់ជនរងគ្រោះ ដែលកម្រនឹងទទួលបានមកវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ក្លាយទៅជាបញ្ហាមួយ ទាក់ទងទៅនឹងសតិអារម្មណ៍ភ័យខ្លាច របស់ពួកគេក្នុងការស្វែងរក ដៃគូស្នេហាបន្តទៀត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យបងប្អូនទាំងអស់ពិចារណានូវចំណុច សំខាន់ៗខាងក្រោមនេះដើម្បី ចៀសវាងពីការបោកប្រាស់ តាមរយៈការទំនាក់ទំនង ស្នេហាតាមប្រព័ន្ធអ៊ីនធឺណិត៖

-ត្រូវដឹងថាតើរូបថត ឬប្រវត្តិរូបរបស់ពួកគេមាន ឃើញនៅតាមកម្មវិធី ឬប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀតអត់។

-ប្រយ័ត្នចំពោះបុគ្គលដែល ព្យាយាមឱ្យអ្នកចាកចេញ ពីកម្មវិធីណាត់ជួប ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម ដោយធ្វើជាសុំលេខទូរសព្ទ របស់អ្នកដើម្បីទំនាក់ទំនងវិញ។

-ប្រយ័ត្នចំពោះបុគ្គល ដែលសន្យាថា នឹងជួបផ្ទាល់ តែបែរជារកលេសថា មិនអាចជួបវិញ។

-សូមកុំផ្តល់ព័ត៌មានសំខាន់ៗដូចជា លេខសម្ងាត់ធនាគារ និងអាសយដ្ឋាន ជាដើម។

-ចៀសវាងការផ្ញើប្រាក់ ទៅមនុស្សដែលអ្នកមិន បានជួបដោយផ្ទាល់។

-សូមកុំបង្កើតគណនីធនាគារ ឱ្យអ្នកដែលបានស្គាល់គ្នាតាមអ៊ីនធឺណិត។ ក្នុងករណីដែលជនបោកប្រាស់ មិនអាចឱ្យផ្ញើប្រាក់ឱ្យពួកគេបាននោះ ពួកគេអាចនឹងព្យាយាម បញ្ឆោតអ្នកឱ្យទទួលប្រាក់ ដែលបានពីជនរងគ្រោះផ្សេងទៀត ៕