ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនតែងតែស្វែងរក វិធីថ្មីៗដើម្បីធ្វើការវាយប្រហារ ទៅលើក្រុមហ៊ុនក៏ដូចជាទៅលើ អ្នកប្រើប្រាស់ដើម្បីស្វែងរកប្រាក់ចំណេញ។ ការវាយប្រហារទាំងនោះមានដូចជា ការទាញយកទិន្នន័យដើម្បីយក ទៅផ្សព្វផ្សាយពាណិជ្ជកម្ម ការបញ្ចូលកម្មវិធីមេរោគ Malware ដើម្បីលួចចូលគណនីធនាគារ និងការបញ្ចូលកម្មវិធីមេរោគ Ransomware ដើម្បីជំរិតទារប្រាក់ជាដើម។
ប៉ុន្តែតាមការស្រាវជ្រាវ កាលពីពេលថ្មីៗនេះ បានបង្ហាញផងដែរថា ក្រុមអ្នកវាយប្រហារ ក៏អាចរកលុយបានរាប់លាន ពីការវាយប្រហារលួចយក គណនីរបស់អ្នកលេងហ្គេម។ អ្នកស្រាវជ្រាវនៅក្រុមហ៊ុនសុវត្ថិភាព Night Lion Security បានរកឃើញថា គណនីរបស់កម្មវិធីហ្គេម Fortnite អាចមានតម្លៃពី២០០ ទៅ២៥០ដុល្លារ នៅក្នុងទីផ្សារងងឹត ប៉ុន្តែគណនីខ្លះអាចលក់បាន ដល់ទៅរាប់ពាន់ដុល្លារ អាស្រ័យទៅលើសម្លៀកបំពាក់របស់តួអង្គ (Characters’ in-game skin) ដែលគេមាននៅក្នុងគណនីនោះ។
Fortnite គឺជាកម្មវិធីហ្គេមដែល កំពុងពេញនិយមមួយ ដែលមានអ្នកប្រើប្រាស់ប្រមាណ ៣៥០លាននាក់ ហើយដែលកំពុងតែមានការប្ដឹងផ្ដល់ គ្នាជាមួយនឹងក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ទាក់ទងនឹងកម្រៃដែលត្រូវបង់ ដើម្បីផ្សព្វផ្សាយលក់នៅក្នុងកម្មវិធី App Store និង Play Store។ មូលហេតុដែលអាចធ្វើឱ្យ ជនអនាមិកចូលទៅក្នុងគណនី របស់អ្នកប្រើប្រាស់បាន យ៉ាងងាយស្រួលនោះគឺ មកពីបញ្ហាពីរ។
បញ្ហាទីមួយគឺដោយសារតែ មានការវាយប្រហារ ទៅលើក្រុមហ៊ុនជាច្រើន ហើយទិន្នន័យទាំងនោះរួមមានទាំងអ៊ីមែល និងលេខសម្ងាត់ ត្រូវបានដាក់លក់នៅក្នុងទីផ្សារងងឹត។ ចំណែកឯបញ្ហាទីពីរ គឺទាក់ទងទៅនឹងការ ប្រើប្រាស់លេខសម្ងាត់។ បើតាមការស្រាវជ្រាវបានរកឃើញថា អ្នកប្រើប្រាស់ភាគច្រើនបានប្រើ លេខសម្ងាត់ដែលងាយនឹងស្មានដឹង ឬស្រដៀងនឹងលេខសម្ងាត់ ចាស់របស់គេនោះ។
ជាឧទាហរណ៍នៅពេលដែល អ្នកប្រើប្រាស់ប្ដូរលេខសម្ងាត់របស់គេ គឺគេគ្រាន់តែបន្ថែមលេខមួយខ្ទង់ នៅចុងក្រោយលេខសម្ងាត់ ឬគ្រាន់តែប្ដូរអក្សរដំបូង ទៅជាអក្សរធំតែប៉ុណ្ណោះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្លាប់បានធ្វើការណែនាំជាច្រើន លើកច្រើនសារមកហើយដែរ ទាក់ទងទៅនឹងការដាក់លេខសម្ងាត់ ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មាន ចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ស្លាកលេខយានយន្ត ដែលធ្វើឱ្យមានភាពងាយស្រួល ក្នុងការលួចចូលរបស់ជនអនាមិក ៕