ភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងកងកម្លាំង ទាំងបីប្រភេទ ក្រុមហ៊ុនប្រមូលសំរាម រួមទាំងមន្រ្តីជំនាញ បានបន្តចុះត្រួតពិនិត្យ និងរៀបចំកន្លែងលក់ដូ ក៏ដូចជាសណ្តាប់ធ្នាប់នានា ការធ្វើអនាម័យ និងសម្អាតលាង ក៏ដូចជាជួសជុលឡើងវិញ ដើម្បីជា ដំណោះស្រាយជូនអុំ ពូមីង បងប្អូន ដែលជាអាជីវកររងគ្រោះ ដោយសារអគ្គីភ័យឆាប ឆេះផ្សារធំបាត់ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ។
នៅក្នុងឱកាសនេះលោក ណុប ដារ៉ា បានជួបសំណេះសំណាលជាមួយនឹងអុំ ពូមីងបងប្អូនអាជីវករ ផ្សារណាត់បាត់ដំបងផងដែរ ជាមួយគ្នានោះលោកបាន ចូលរួមនូវការសោកស្ដាយ និងបានអះអាងថា នឹងបើកឱ្យផ្សារនេះ ដំណើរការឡើងវិញនៅថ្ងៃស្អែកនេះ ហើយពោលគឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ។
សូមរំលឹកថា តូបលក់ដូរនៅផ្សារណាត់ ខេត្តបាត់ដំបងនេះ ចំនួន៣៣តូប ក្នុងចំណោម ៣៣៥តូប ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ។ គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ភ្លាមៗថ្នាក់ដឹកនាំខេត្តបាត់ដំបង បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ចំណែករថយន្តពន្លត់អគ្គីភ័យចំនួន ៧គ្រឿង ក្នុងនោះរថយន្តមកពី ស្នងការនគរបាលខេត្តចំនួន ៣គ្រឿង, ស្រុកសង្កែ១គ្រឿង, ស្រុកថ្មគោល១គ្រឿង, ស្រុកឯកភ្នំ១គ្រឿង និងស្រុកបាណន់ ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៩ រថយន្តផងដែរ។
សូមបញ្ជាក់ថា ផ្សារណាត់ ឬផ្សារធំថ្មី នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៧ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស។ ក្រៅតែពីជាតំបន់ពាណិជ្ជកម្ម មួយដ៏សំខាន់ផ្សារណាត់ ក៏ត្រូវបានគេចាត់ទុកថា ជាសំណង់បេតិកភណ្ឌ ដ៏មានតម្លៃមួយនៃខេត្តបាត់ដំបងផងដែរ ៕








