សូមប្រុងប្រយ័ត្ន បទល្មើសឆបោក ឬបន្លំផ្ទេរប្រាក់ តាមរយៈប្រព័ន្ធធនាគារ! (Video)

0


ភ្នំពេញ៖ ដោយសារភាព រីកចម្រើននៃបច្ចេកវិទ្យា បណ្តាអង្គភាព ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ បានប្រែក្លាយរបៀបប្រតិបត្តិការបែបឌីជីថល គាំទ្រដោយប្រព័ន្ធ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមលើកយកបទល្មើស បច្ចេកវិទ្យាដែលកំពុងកើតមាន ផ្តោតគោលដៅលើគ្រឹះស្ថានហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា តាមរយ:ការស្រាវជ្រាវ និងសេចក្តីរាយការណ៍កន្លងមក បទល្មើសហិរញ្ញវត្ថុ (មធ្យោបាយបច្ចេកវិទ្យា) កំពុងកើតមានយ៉ាងច្រើនករណី គោលដៅលើអ្នកប្រើប្រាស់ ឬប្រព័ន្ធធនាគារនានា ក្នុងព្រះរាជាណាចក្រកម្ពុជា តួរយ៉ាង៖ ការឆបោកផ្ទេរប្រាក់ដោយ ប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering) ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Logic Hacking) និងការក្លែងបន្លំផ្សេងៗ។

– ការឆបោកផ្ទេរប្រាក់ដោយ ប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering)៖ ឧក្រិដ្ឋជនប្រើប្រាស់ បច្ចេកទេសឆបោកផ្សេងៗ (ឧទាហរណ៍ថាត្រូវរង្វាន់ បន្លំជាបុគ្គលិកធនាគារ។ល។) ដើម្បីលួងលោមម្ចាស់គណនីធនាគារ ផ្តល់នូវលេខកូដសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឬរធ្វើការផ្ទេរប្រាក់ទៅកាន់ឧក្រិដ្ឋជន ក្នុងស្រុក ឬក្រៅប្រទេស។

– ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Loophole Hacking)៖ ឧក្រិដ្ឋជនបានប្រើប្រាស់ ចន្លោះខ្វះខាតផ្នែកសន្តិសុខប្រព័ន្ធ (Internet / Mobile Banking) កេងបន្លំតួនាទីកម្មវិធីប្រព័ន្ធធនាគារ ឬលួចចូលក្នុងគណនីអ៊ីម៉ែល សម្ងំលួចមើលការឆ្លើយឆ្លង ស្តីពីការទូរទាត់ប្រាក់ និងបោកបញ្ឆោត ជនរងគ្រោះផ្ទេរប្រាក់។

– ក្រៅពីបទល្មើសដូចរៀបរាប់ខាងលើ ក៏នៅមានករណីក្លែងបន្លំផ្សេងៗ មួយចំនួនទៀត ដែលបានប្រើប្រាស់ដោយឧក្រិដ្ឋជន តួរយ៉ាង៖ ការបញ្ឆោតផ្ទេរប្រាក់តាមរយៈ ការទិញទំនិញអនឡាញ ការឆបោកក្នុងសកម្មភាពវិនិយោគ។ល។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរលឹកបងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្ន ចំពោះសកម្មភាពឆបោក ដូចបានរៀបរាប់ខាងលើ ដោយអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖

– ពិចារណា និងធ្វើការផ្ទៀងផ្ទាត់មុននឹង ធ្វើការផ្ទេរប្រាក់ឱ្យជនណាម្នាក់
– សូមប្រើប្រាស់លេខសម្ងាត់ ការពារកម្មវិធី ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលពិបាកទស្សទាយ
– ជៀសវាងការផ្តល់នូវព័ត៌មានស្តីពី លេខសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឱ្យជនណាម្នាក់ ទោះបីពួកគេអះអាងថា ជាបុគ្គលិកធនាគារក៏ដោយ៕