សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប (Video)

0

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធី បុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៧ ដើម្បីរកមូលនិធិសម្រាប់ការព្យាបាល​និងថែទាំសុខភាព កុមារ-ទារក ប្រមាណជាង ៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។

ក្នុងឱកាសសំណេះសំណាលនោះ​ លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃ មន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារ អាណាព្យាបាលទាំងអស់ ប្រកបដោយ ស្នាមញញឹម។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានបញ្ជាក់បន្ថែមថា ក្នុងឋានៈជាប្រធាន កាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុត លើការលើកកម្ពស់សុខុមាលភាពរបស់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះ ការរួមចំណែកជួយព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ តាមរយៈ ការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នូវថវិកា ១លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២ រៀងមក។ ដោយឡែកសម្រាប់ មន្ទីរពេទ្យកុមារអង្គរ នេះជាការឧបត្ថម្ភជាលើកទី២ ពីកាកបាទក្រហមកម្ពុជា ដែលលើកទី១ បានផ្តល់ជូនចំនួន ៥០,០០០ដុល្លារអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។

ជាកិច្ចឆ្លើយតបថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរឧបត្ថម្ភ ជាបន្តបន្ទាប់ ដែលនេះជាការលើកទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារកម្ពុជា៕