សូមប្រយ័ត្ន! ការជក់បារី អាចបង្កើនឱកាស ក្នុងការឆ្លងជំងឺកូវីដ១៩ (Video)

0

ភ្នំពេញ៖ លោក ហោ សារុន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានថ្លែងថា ការប្រើប្រាស់ផលិតផល ថ្នាំជក់រួមគ្នា ដូចជាការបិទតាមបំពង់ខ្សៀ ដែលមានទឹកមាត់អាចចម្លងមេរោគវីរុស ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។

ការថ្លែងរបស់លោកអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីបរិស្ថានគ្មានផ្សែងបារី ដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

លោក ហោ សារុន បានថ្លែងបន្តថាគោលបំណង នៃកិច្ចប្រជុំគឺស្នើសុំការគាំទ្រជំរុញ អនុវត្តន៍ច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិតបទដ្ឋាន គតិយុត្តិក្រោមច្បាប់នេះ ក្នុងលើកទឹកចិត្តប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជនវិស័យទេសចរណ៍ ឲ្យចូលរួមផ្សព្វផ្សាយបរិស្ថាន គ្មានផ្សែងបារីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំង ប្រជាពលរដ្ឋទូទៅក្នុងការលើកកម្ពស់ សុវត្ថិភាពសុខមាលភាព របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលថ្នាំជក់។

លោកបានថ្លែងបន្តថា បានអប់រំណែនាំពីផលប៉ះពាល់ នៃការជក់បារីដែលងាយរងគ្រោះ ក្នុងការទទួលជំងឺឆ្លងកូវីដ១៩ និងបានវាយតម្លៃដល់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការ អនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ និងជាពិសេសគ្រោងជំរុញ ទីក្រុងស្វាយរៀង និងក្រុងបាវិតជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារីក្នុងបំណាច់ឆ្នាំ២០២១ ខាងមុខនេះ។

លោកបន្តទៀតថា ស្ថិតក្នុងបរិបទនៃការរីករាលដាល ចម្លងជំងឺវីរុសរលាកសួត ប្រភេទថ្មីកូវីដ១៩ កម្ពុជាក៏ដូចជាតំបន់ និងពិភពលោកទាំងមូល បានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច យ៉ាងខ្លាំងដែលក្នុងនោះ វិស័យទេសចរណ៍ ក៏រងផលប៉ះពាល់ខ្លាំងជាងគេ។ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ បច្ចុប្បន្នក្រសួងទេសចរណ៍ បានខិតខំប្រឹងប្រែងរៀបចំនូវ ប្រកាសស្ដីពីវិធានការ សុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មទាំង ៦ រួមមានវិធានសុវត្ថិភាព ទេសចរណ៍សម្រាប់ការស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការដឹកជញ្ជូនផ្លូវគោក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការដឹកជញ្ជូនផ្លូវទឹក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍មូលដ្ឋាន។

លោកបានបញ្ជាក់ថា លើសពីនេះទៀតយើងត្រូវប្រកាន់យក ការរស់នៅតាមទម្លាប់ថ្មីដែល ប្រជាពលរដ្ឋយើងត្រូវចេះ លាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ អាកុល ឬជែលលាងដៃ ពាក់ម៉ាកឬក្រមា ឈរឬអង្គុយឃ្លាតគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងគម្លាតសុវត្ថិភាពសង្គម ហើយជាពិសេសទៀត ត្រូវចូលរួមកត់ឈ្មោះដើម្បី ជាការងាយស្រួលក្នុងការតាមដាន ករណីដែលមានបញ្ហាកើតឡើង។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះក៏មាន ការធ្វើបទបង្ហាញខ្លី និងការចូលរួមមតិពីអង្គប្រជុំ និងជាពិសេសការពិភាក្សា ជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតឲ្យក្លាយទៅជា ទីក្រុងទេសចរណ៍ ដែលគ្មានផ្សែងបារីនៅបំណាច់ឆ្នាំ២០២១ ខាងមុខនេះ។ បន្ទាប់មកក្រុមការងារ យើងបានស្នើសុំការអនុញ្ញាត ពីគណៈអភិបាលខេត្តស្វាយរៀង ដើម្បីចុះពិនិត្យទីតាំងជាក់ស្ដែង នៅតាមសណ្ឋាគារា ផ្ទះសំណាក់ បឹងហ្គាឡូ ភោជនីយដ្ឋាន បៀរកាដិន អាហារដ្ឋាន និងចែកស្ទិកគ័រដល់ រដ្ឋបាលក្រុងស្វាយរៀង និងក្រុងបាវិត តាមការចង្អលបង្ហាញពី មន្ទីរទេសចរណ៍ខេត្តផងដែរ។

តាមរបាយការណ៍មន្ទីរទេសចរណ៍ ខេត្តស្វាយរៀង បានឲ្យដឹងថាតំបន់ទេសចរណ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្លិបកម្សាន្តម៉ាស្សា សរុបទាងអស់នៅក្នុងទូទាំង ខេត្តស្វាយរៀងមានចនួន ៣១៥កន្លែង ៕