នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជនខិលខូចបានកំពុងស្វែងរកវិធីថ្មីៗ ដើម្បីលួចយកទិន្នន័យពីទូរសព្ទ ហើយជាមួយមេរោគ Android malware ថ្មីនេះពួកគេអាចជ្រៀតចូល កម្មវិធីចំនួនប្រមាណ ៣៣៧។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញមេរោគ Android malware ដែលគេឱ្យឈ្មោះថា BlackRock។ មេរោគនេះមិនមែនជា មេរោគថ្មីសន្លាងនោះទេ វាជាប្រភេទមេរោគ ដែលត្រូវបានកែសម្រួលពីមេរោគចាស់ (Xerxes malware) ប៉ុន្តែអ្វីដែលគេមានការព្រួយបារម្ភនោះ គឺមេរោគនេះអាចលួចយក ទិន្នន័យបានទាំងឈ្មោះ និងលេខសម្ងាត់។
លើសពីនេះទៀតវាក៏អាចប្រាប់ អ្នកប្រើប្រាស់ឱ្យវាយបញ្ជូល លេខគណនីបានថែមទៀតផង ប្រសិនបើកម្មវិធីនោះតម្រូវ ឱ្យមានការបង់លុយនោះ។
ដើម្បីលួចយកទិន្នន័យ ជនខិលខូចបានប្រើបច្ចេកទេស “overlay ឬ ត្រួតស៊ីគ្នា” ដែលតាមដានអ្នកប្រើប្រាស់ នៅពេលដែលពួកគេ បើកកម្មវិធីណាមួយ ពេលនោះជនខិលខូចនឹង បន្ថែមស្គ្រីនក្លែងក្លាយនៅពីលើ ដើម្បីទាញយកទិន្នន័យសំខាន់ៗ មុនពេលអ្នកប្រើប្រាស់ចូល ទៅក្នុងកម្មវិធីមែនទែន។
BlackRock មិនត្រឹមតែអាចលួចទិន្នន័យ ពីកម្មវិធីទាក់ទងទៅនឹង ប្រព័ន្ធហិរញ្ញវត្ថុ កម្មវិធីបណ្ដាញសង្គម និងកម្មវិធីទំនាក់ទំនង ដទៃទៀតតែប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើការលួច ទិន្នន័យពីកម្មវិធីណាត់ជួប កម្មវិធីព័ត៌មាន កម្មវិធីទិញទំនិញអនឡាញ កម្មវិធីទាក់ទងនឹងការរស់នៅ ប្រចាំថ្ងៃបានផងដែរ។ លើសពីនេះទៅទៀត កម្មវិធីមេរោគនេះក៏អាចធ្វើការ លួចយកទិន្នន័យក្នុងពេលផ្ញើសារ និងក្នុងពេលវាយឯកសារ (keylogger) ផងដែរ។
បច្ចុប្បន្នមេរោគនេះត្រូវបាន គេរកឃើញនៅតាមវេបសាយ មួយចំនួនដែលបន្លំធ្វើជា កម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពកម្មវិធី Google ក៏ប៉ុន្តែវាមិនទាន់មាននៅលើ Play Store នៅឡើយទេ។ ហេតុដូច្នេះហើយសូមលោកអ្នក ធ្វើការទាញយកតែកម្មវិធី ណាដែលមាននៅលើ Play Store ត្រឹមត្រូវ និងកុំទាញយកកម្មវិធីផ្សេងៗ តាមរយៈវេបសាយ ព្រោះវាអាចភ្ជាប់មកជាមួយមេរោគផងដែរ ៕