ប្រយ័ត្ន​!! មិនមែន​លីង​រឿង Spider-Man ទេ​ណា ប៉ុន្តែ​ជា​កម្មវិធី​មេរោគ

0

បរទេស​៖ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ក្រុមហ៊ុន​សុវត្ថិភាព​កុំព្យូទ័រ ReasonLabs បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​អ្នក​ប្រើប្រាស់​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទាញ​យក​រឿង​ថ្មី​របស់ Spider-Man ព្រោះ​ក្រុម​ជនខិលខូច​បាន​ប្រើ​វិធី​នេះ​ដើម្បី​បញ្ចូល​កម្មវិធី​មេរោគ ដែល​អាច​ឱ្យ​ពួក​គេ​ប្រើប្រាស់​កុំព្យូទ័រ​របស់​ជន​រង​គ្រោះ​ដើម្បី​ស្វែងរក​រូបិយប័ណ្ណ​កាក់​ឌី​ជី​ថ​ល​។​

ReasonLabs បាន​រាយការណ៍​ថា ឯកសារ​ដែល​កំពុង​ត្រូវ​បាន​ចែកចាយ​នោះ​មានឈ្មោះ “spiderman_net_putidomoi.torrent.exe” ជា​ភាសា​រុ​ស្សី ឬ “spiderman_no_wayhome.torrent.exe” ជា​ភាសា​អង់គ្លេស​។ កម្មវិធី​នេះ​ក៏​អាច​ធ្វើការ​ផ្លាស់​ប្ដូរ​ការ​កំណត់​មួយ​ចំនួន​នៅ​ក្នុង​កម្មវិធី​ការពារ​មេរោគ Windows Defender ដើម្បី​ចៀសវាង​ពី​ការ​រក​ឃើញ​។​

​ទោះបីជា​មេរោគ​ប្រភេទ​នេះ​មិន​បាន​លួច​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ ដែល​អ្នក​ប្រើ​ភាគច្រើន​ខ្លាច​នៅ​ពេល​គិត​អំពី​មេរោគ​នៅ​លើ​កុំព្យូទ័រ​របស់​ពួក​គេ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ចំណាយ​ថវិកា​ច្រើន​ជាមួយនឹង​ការ​ប្រើ​អគ្គិសនី និង​អាច​ធ្វើ​ឱ្យ​ខូច​កុំព្យូទ័រ​ដោយសារ​តែ​អ្នក​ស្វែងរក​កាក់​ឌី​ជី​ថ​ល​ត្រូវការ​ការ​ប្រើប្រាស់​ស៊ី​ភី​យូ​ខ្ពស់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ជនខិលខូច​តែងតែ​ប្រើ​វិធីសាស្ត្រ​ក្លែងបន្លំ​ជា​កម្មវិធី​ពេញ​និយម​ក្នុង​ការ​ចែកចាយ​កម្មវិធី​មេរោគ​មាន​ដូច​ជា​កម្មវិធី ‘windows updater’ និង ‘discord app’ ជាដើម​។​

​ដោយសារ​តែ​មើលឃើញ​ពី​ភាព​គ្រោះថ្នាក់​ក្នុង​ការ​ទាញ​យក​កម្មវិធី ទើប​នាយកដ្ឋាន​តែងតែ​ធ្វើការ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​ឱ្យ​ទាញ​យក​កម្មវិធី​ពី​ប្រភព​ច្បាស់លាស់ និង​ចៀសវាង​ទាញ​យក​កម្មវិធី​ដែល​បាន​កែ​ដើម្បី​ចៀសវាង​ពី​ការ​បង់លុយ ព្រោះ​ជនខិលខូច​ក៏​អាច​លួច​បញ្ចូល​កម្មវិធី​មេរោគ​ទៅ​ក្នុង​កម្មវិធី​ទាំងនោះ​បាន​ផង​ដែរ​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department