ភ្នំពេញ៖ ប្រទេសចិនបានចេញបទបញ្ជាថ្មី ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំ លេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេអាចលេងហ្គេម បានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg។
ការកំណត់ថ្មីនេះគឺមានភាពតឹងរឹង ជាងការកំណត់កាលពីឆ្នាំ២០១៩ ដែលអនុញ្ញាតឱ្យក្មេងជំទង់ លេងហ្គេមអនឡាញ ៩០នាទីក្នុងមួយថ្ងៃ។ អាជ្ញាធរបានប្រកាសថា បទបញ្ជាថ្មីនេះគឺដើម្បីការពារ សុខមាលភាពរបស់កុមារទាំងផ្លូវកាយ និងផ្លូវចិត្តពីភាពប៉ះពាល់ដោយសារតែ ការលេងហ្គេមអនឡាញច្រើនហួសហេតុ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៦ កន្លងទៅ ប្រទេសចិនបានចេញច្បាប់ តម្រូវឱ្យអ្នកអភិវឌ្ឍកម្មវិធីហ្គេមទាំងអស់ ចុះឈ្មោះជាផ្លូវការជាមួយ នឹងរដ្ឋាភិបាល ហើយក្នុងឆ្នាំ ២០២០ ចិនក៏បានទាមទារឱ្យក្រុមហ៊ុន Apple លុបចោលហ្គេមអនឡាញណា ដែលមិនមានការអនុញ្ញាតពីរដ្ឋាភិបាល ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា