សូមប្រុងប្រយ័ត្ន! ការឆបោកក្រោម រូបភាពមនោសញ្ចេតនា (Romantic Scam) លើបណ្តាញទំនាក់ទំនងសង្គម

0

នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងក្រុមការងារបានធ្វើការចុះផ្សាយ ស្តីពីល្បិចឆបោកប្រាក់ផ្សេងៗ របស់ជនខិលខូចដោយ ប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មានជាមធ្យោបាយ។

ថ្ងៃនេះក្រុមការងារសូមលើក យកល្បិចឆបោកដោយប្រើប្រាស់ មធ្យោបាយមនោសញ្ចេតនា (Romantic Scam) ដើម្បីរៀបចំគម្រោងទុច្ចរិត ទៅលើជនរងគ្រោះ តាមវិធីសាស្ត្រជាសង្ខេបដូចខាងក្រោម៖

១- ជនខិលខូចធ្វើការប្រមូល ព័ត៌មានពាក់ព័ន្ធនឹងជនរងគ្រោះគោលដៅ (Target Victims) លើបណ្តាញអ៊ីនធឺណិត ដើម្បីរៀបចំគម្រោងឆបោករបស់ពួកគេ

២- ជនខិលខូចចាប់ផ្តើមធ្វើការ ភ្ជាប់ទំនាក់ទំនងជាមួយជនរងគ្រោះ តាមរយៈកម្មវិធីបណ្តាញ ទំនាក់ទំនងសង្គមផ្សេងៗ តួយ៉ាងដូចជាកម្មវិធីហ្វេសប៊ុក កម្មវិធីសារអឡិចត្រូនិក (Telegram, WhatsApp, Line,​ Messenger)

៣- ជនខិលខូចធ្វើការតាមដានរាល់ព័ត៌មាន មតិយោបល់ ឬសកម្មភាពផ្សេងៗរបស់ ជនរងគ្រោះលើបណ្តាញអ៊ីនធឺណិត ដើម្បីសន្និដ្ឋានទឹកចិត្ត និងសតិអារម្មណ៍របស់ជនរងគ្រោះ

៤- ជនខិលខូចធ្វើការជជែកលេង ជាញឹកញាប់ជាមួយជនរងគ្រោះ ពិសេសនៅពេលដែលពួកគេ មានបញ្ហាផ្លូវចិត្តក្នុងជីវិតឯកជន គ្រួសារ ឬជំនួញ។ល។

៥- នៅពេលដែលជនរងគ្រោះ ធ្លាក់ក្នុងអន្លង់មនោសញ្ចេតនាក្លែងក្លាយ ជនខិតខូចចាប់ផ្តើមអនុវត្តគម្រោងទុច្ចរិត តួយ៉ាងដូចជាការឆបោកប្រាក់ ដោយហេតុផលផ្សេងៗ ការលួងលោមថតសកម្មភាព រូបភាពអាសអភាស ឬការណាត់ជួប និងបន្ទាប់មកប្រព្រឹត្ត សកម្មភាពល្មើសផ្សេងៗ​ ជាដើម។

លើសពីនេះក្រុមការងារ ក៏បានសង្កេតឃើញផងដែរថា មានជនខិលខូចមួយចំនួន កំពុងធ្វើសកម្មភាពល្មើសពីក្រៅប្រទេស​ (ជនបរទេស) និងមានជនល្មើសមួយចំនួន (ជនបរទេស ឬជនជាតិខ្មែរ) ក៏កំពុងប្រព្រឹត្តសកម្មភាពទុច្ចរិតនេះ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

អាស្រ័យដូចជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់ កម្មវិធីបណ្តាញទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ននូវល្បិចកលខាងលើ និងសូមធ្វើសេចក្តីរាយការណ៍ ជូនមន្ត្រីមានសមត្ថកិច្ច នៅពេលបានដឹង ជួបប្រទះ ឬសង្ស័យថាជាប្រភេទ បទល្មើសខាងលើនេះ។