តោះមកដឹងពី វិធីសាស្ត្រការពារខ្លួន ពីល្បិចឆបោកប្រាក់ លើបណ្តាញអ៊ីនធឺណិត!

0

នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកក្រុមការងារសង្កេតឃើញ លើបណ្តាញអ៊ីនធឺណិត និងទទួលបានសេចក្តីរាយការណ៍ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ អំពីបទល្មើសអ៊ីនធឺណិតថ្មីៗ ប្លែកៗ និងមួយចំនួនផ្សេងទៀត ជាប្រភេទបទល្មើសដែលធ្លាប់បាន កើតឡើងកន្លងមក។

ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមធ្វើការចែករំលែកនូវវិធីសាស្ត្រមួយចំនួន ជាជំនួយស្មារតីជូនបងប្អូន ប្រជាពលរដ្ឋទូទៅ ដើម្បីអនុវត្តបង្ការទប់ស្កាត់ និងការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះ នៃបទល្មើសឆបោកប្រាក់ ដោយប្រើប្រាស់មធ្យោបាយ បច្ចេកវិទ្យាអ៊ីនធឺណិត ជាសង្ខេបជូនដូចខាងក្រោម៖

ល្បិចកលអូសទាញ ទូទៅរបស់ជនខិលខូច៖

– ជាទូទៅជនខិលខូចតែងតែ អូសទាញជនរងគ្រោះ ដោយប្រើប្រាស់វិធីសាស្ត្រផ្តល់ ជូននូវប្រយោជន៍ហិរញ្ញវត្ថុ សម្ភារៈ កិត្តិយស ឬអំណោយ ដែលមានតម្លៃ និងងាយស្រួលក្នុងការទទួលបាន ជាមួយនឹងលក្ខខណ្ឌងាយៗ។
– ល្បិចឆបោកមួយចំនួនជ្រក ក្រោមស្លាកសញ្ញាក្រុមហ៊ុន ក្នុងទម្រង់ជំនួញបែបពីរ៉ាមីត ឬបណ្តាញនៃការលក់ជាប្រព័ន្ធ (Multi-level Marketing, Network Marketing, Paramid Selling)។
– ប្រើប្រាស់ល្បិចសម្លុត គម្រាមកំហែងជនរងគ្រោះ ជាថ្នូរនឹងការផ្តល់ប្រាក់ ឬវត្ថុមានតម្លៃ។

វិធីសាស្ត្រការពារខ្លួនជាបឋមមានចំនួន ៤ដូចខាងក្រោម៖

១- ត្រូវមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញ ឬសេវាដែលមានតម្លៃថោកជាងទីផ្សារ ព្រោះអាចជាទំនិញក្លែងក្លាយ ឬជាល្បិចអូសទាញឆបោកប្រាក់។
២- ត្រូវពិចារណា និងរកការប្រឹក្សាយោបល់ មុនពេលផ្តល់ប្រាក់ ឬវត្ថុមានតម្លៃ ក្នុងទម្រង់វិនិយោគផ្សេងៗ ដែលអ្នកពុំបានដឹង ពុំបានយល់អំពីហានិភ័យនៃការវិនិយោគនោះ។
៣- កុំបណ្តោយខ្លូនឲ្យធ្លាក់ក្នុងល្បិចសម្លុត ឬគម្រាមកំហែងពីជនខិលខូច ដោយធ្វើការប្រឹក្សាយោបល់ជាមួយបងប្អុន មិត្តភក្តិដែលអ្នកទុកចិត្ត ឬអាជ្ញាធរមានសមត្ថកិច្ច មុនពេលសម្រេចចិត្តផ្សេងៗ។
៤- ធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋានដែលអ្នកស្នាក់នៅ ប្រសិនអ្នកជួប ឬប្រទះឃើញសង្ស័យជាករណីឆបោក ដូចបានរៀបរាប់ខាងលើ។

(បញ្ជាក់៖ ល្បិចឆបោកមួយចំនួន ធ្វើឡើងក្នុងគោលបំណង លួចព័ត៌មានអត្តសញ្ញាណបុគ្គល ឬព័ត៌មានហរិញ្ញាវត្ថុពីជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់ទាញយក ផលប្រយោជន៍ហិរញ្ញវត្ថុផ្សេងៗ)