រន្ធត់ណាស់! ឪពុក មានជំងឺសរសៃប្រសាទ វ៉ៃកូនប្រុសបង្កើតរហូត ដល់ស្លាប់

0

ភ្នំពេញ៖ ជារឿងពិតជាគួរឱ្យភ្ញាក់ផ្អើលមួយ និងសឹងតែពុំដែលជួប ដែលបុរសជាឪពុកម្នាក់ មានជំងឺសរសៃប្រសាទ វ៉ៃកូនប្រុសបង្កើតខ្លួនឯង រហូតដល់ស្លាប់ ក្នុងថ្លុកឈាម នៅខេត្តពោធិ៍សាត់ ។

បន្ទាប់ពីបានកើតហេតុភ្លាមៗ បុរសជាឱពុក ដែលគេដឹងថា គាត់មានជម្ងឺសរសៃប្រសាទនោះ ត្រូវបានសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះទៅឃាត់ខ្លួន។ ហេតុការណ៍នេះ បានឡើងនៅក្នុងផ្ទះ ជនរងគ្រោះ ភូមិអូររការ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។

បើតាមការរៀបរាប់ពីឈ្មោះ គឹម ហេង ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាបងស្រីបង្កើត របស់ជនរងគ្រោះ អះអាងថា ឪពុករបស់ខ្លួនមានជម្ងឺសរសៃប្រសាទប្រចាំកាយ ហើយតែងតែ វាយទៅលើប្អូនប្រុសបង្កើត នៅពេលគាត់មានអាការៈ ជម្ងឺរើឡើងម្តងៗ តែត្រូវកូនៗឯទៀតជួយឃាត់។ តែមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ជនរងគ្រោះ ជាប្អូនប្រុសបង្កើត បានទៅបូមទឹកដាក់ស្រែ លុះពេលល្ងាចក៏នាំមិត្តភក្តិផឹកស៊ី រហូតដល់ម៉ោងប្រហែល១០យប់ ជនរងគ្រោះ បានចូលទៅដេកនៅផ្ទះក្រោយ។

ចំណែកឪពុកដេកក្នុងជង្រុក មានចម្ងាយពីផ្ទះក្រោយប្រហែល១០ម៉ែត្រ ។ លុះព្រឹកឡើងប្អូនស្រីពៅ បានដើរមកផ្ទះខាងក្រោយ ស្រាប់ប្រទះឃើញ ជនរងគ្រោះដេកស្លាប់នៅខាងជើងផ្ទះ ដោយមុខមាត់ប្រឡាក់ឈាម និងបែកក្បាល ឃើញដូចនេះក៏រត់ទៅ ប្រាប់បងស្រី ហើយផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដោយឪពុករបស់ខ្លួនសំងំពួនក្នុងជង្រុក។

ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ថ្លែងថា ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផល និងកម្លាំងជំនាញព្រហ្មទណ្ឌ ដឹកនាំដោយឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ធ្វើការហ៊ុព័ទ្ធកន្លែងកើតហេតុ នឹងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម ហុង ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះយកមកកាន់ការិយាល័យព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕