នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមការផ្សព្វផ្សាយរបស់ Malwarebytes ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីការពារមេរោគ ដ៏ល្បីមួយនោះបានបង្ហាញថា ជនខិលខូចបានកំពុងតែបង្កើន ការវាយប្រហារតាមរយៈ iPhone Calendar ដោយបញ្ចូលនូវព្រឹត្តិការណ៍ផ្សេងៗ ទៅក្នុងប្រតិទិនរបស់អ្នកប្រើប្រាស់ ដែលទាក់ទងទៅនឹងកម្មវិធីអាសអាភាស ឬពួកគេអះអាងថាទូរសព្ទ របស់លោកអ្នកមានមេរោគ ឬកំពុងតែរងការវាយប្រហារ។
ជាមួយនឹងការវាយប្រហារនេះ ជនខិលខូចបានបង្កើតគេហទំព័រក្លែងក្លាយ ឬប្រើគេហទំព័រដែលពួកគេ បានលួចចូលកាន់កាប់ដើម្បី ធ្វើការបោកបញ្ឆោតជនរងគ្រោះ ឱ្យឯកភាពបញ្ចូលនូវព្រឹត្តិការណ៍ផ្សេងៗ ទៅក្នុងប្រតិទិន ដែលទាក់ទងទៅនឹងកម្មវិធីមេរោគ ឬអាសអាភាស។ ប្រសិនបើជនរងគ្រោះមិនឯកភាព ឬចុចនៅលើពាក្យ “Cancel “ វិញនោះ ពួកគេនឹងបង្ហាញនូវទំព័រថ្មី ដែលមានពាក្យពេចន៍ព្រមានថា ទូរសព្ទរបស់លោកអ្នកមានមេរោគ ឬកំពុងតែរងការវាយប្រហារ ហើយបង្ហាញលោកអ្នកនូវកម្មវិធី ដើម្បីការពារសុវត្ថិភាពទូរសព្ទ។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីទាំងនោះគឺជាកម្មវិធី VPN ដែលមិនមានដំណើរការ ហើយថែមទាំងទាមទារឱ្យ ជនរងគ្រោះបង់ថ្លៃសេវាពី ៩ ទៅ១០ដុល្លារ ក្នុងមួយសប្តាហ៍ទៀតផង។
ប្រសិនបើលោកអ្នកបានឯកភាព ឱ្យមានការបញ្ចូលនូវព្រឹត្តិការណ៍ ទៅក្នុងប្រតិទិនហើយនោះ លោកអ្នកអាចធ្វើការលុបវាចោលបានដោយ បើកកម្មវិធី Calendar > ចុចលើពាក្យ “Calendars” ដែលនៅកណ្ដាល ផ្នែកខាងក្រោមស្រ្គីន > ចុចលើអក្សរ “i” ដើម្បីលុបចោលអ្វីដែលមាននៅក្នុងផ្នែក “SUBSCRIBED” ប្រសិនបើលោកអ្នកមាន។
គួរបញ្ជាក់ថាប្រសិនបើ លោកអ្នកមិនឃើញមានផ្នែក “SUBSCRIBED” នេះមានន័យថា លោកអ្នកមិនបានឯកភាព ឱ្យមានការបញ្ចូលនូវ ព្រឹត្តិការណ៍ទៅក្នុងប្រតិទិននោះទេ ៕
