នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមការផ្សព្វផ្សាយរបស់អ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពកុំព្យូទ័រកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ពួកក្រុមជនខិលខូចកំពុងតែចែកចាយកម្មវិធី WhatsApp Pink ដែលមានមេរោគតាមរយៈកម្មវិធី WhatsApp ដោយអះអាងថា កម្មវិធីនេះនឹងធ្វើការផ្លាស់ប្ដូរពណ៌របស់កម្មវិធី WhatsApp ទៅជាពណ៌ផ្កាឈូកវិញនោះ។
អ្នកប្រើប្រាស់ភាគច្រើនបានទទួលសារ “Apply New Pink Must Try New WhatsApp.”នៅក្នុងក្រុមពិភាក្សារបស់កម្មវិធី WhatsApp ហើយនៅពេលដែលពួកគេចុច នៅលើតំណភ្ជាប់នោះ វានឹងទាញយកកម្មវិធីដែលមានឈ្មោះ WhatsApp Pink APK ដែលកម្មវិធីនេះមានបង្កប់ មកជាមួយនឹងមេរោគផងដែរ។
បើតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវ មេរោគនេះគឺវាស្រដៀងគ្នាទៅនឹងមេរោគ ដែលពួកជនខិលខូចបានចែកចាយនៅក្នុងកម្មវិធី AppGallery ដើម្បីវាយលុកទូរសព្ទ Huawei កាលពីដើមឆ្នាំនេះរួចមកហើយដែរ។ នៅពេលដែលកម្មវិធីនេះ ត្រូវបានបញ្ចូលទៅក្នុងទូរសព្ទ វាអាចផ្ញើសារឆ្លើយតបដោយ ស្វ័យប្រវត្តិជាមួយនឹងកម្មវិធី ទំនាក់ទំនងសង្គមជាច្រើនទៀតមានដូចជា Signal, Viber, Skype និង Telegram។
ដើម្បីឱ្យការប្រើប្រាស់ទូរសព្ទ របស់លោកអ្នកប្រកបដោយសុវត្ថិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំជាថ្មី ដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុង ការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណា ដែលលោកអ្នកមិនត្រូវការជាចាំបាច់ ហើយជាពិសេសកម្មវិធីណាដែលលោកអ្នក មិនស្គាល់ប្រភពច្បាស់នោះ ៕