ភ្នំពេញ៖ ដោយសារគំនុំចាស់ រឿងចាប់ផ្សឹកខ្លួន កាលនៅជាសង្ឃនា ជនសង្ស័យម្នាក់ទាញកាំបិត កាប់ចៅអធិការវត្តបក្សីចាំក្រុង រងរបួសធ្ងន់ ពេលកំពុងសូត្រមន្ត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បើតាមលោក វរសេនីយ៍ត្រី នង សម្បត្តិ អធិការរងទទួលផែនព្រហ្មទណ្ឌនគរបាល ស្រុកភ្នំក្រវាញបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឆេង ឆាយ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ ។ ចំណែកព្រះសង្ឃរងរបួសព្រះនាម ទេព្យ អូច ព្រះជន្មាយុ ៥៤វស្សា ជាព្រះចៅអធិការវត្តបក្សីចាំក្រុង ស្ថិតនៅភូមិ.ឃុំកើតហេតុ ។
លោកអធិការរងបន្តថា ជនសង្ស័យ បានយកកាំបិតផ្គាក់កាប់ព្រះសង្ឃកាលពី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពេលដែលព្រះសង្ឃរងគ្រោះ និងព្រះសង្ឃអង្គផ្សេងៗទៀតកំពុងសូត្រមន្ត នាថ្ងៃពេញបរមីវិសាខបូជា បណ្ដាលឱ្យចំបញ្ចិតបំពង់.ក ចំទ្រូងដល់ឃ្លៀកខាងស្ដាំដេរចំនួន ៦០ថ្នេរ រួចយកកាំបិតទៅដាក់ក្នុងទឹកពាងទឹក និងគេចខ្លួនមួយយប់ ទើបសមត្ថកិច្ចចាប់ខ្លួនបាន ។
ករណីនេះជាការសងសឹករឿងគំនុំចាស់ ព្រោះព្រះចៅអធិការវត្តធ្លាប់ចាប់ផ្សឹកជនសង្ស័យ ព្រោះសង្ស័យរូបនេះប្រើប្រាស់គ្រឿងញៀន កាលខ្លួននៅជាសង្ឃនាវត្តនេះ។បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត ៕