ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យសំឡេងសម្ដេចលឺដូចហត់ខ្លាំង ពេលបញ្ជូនសារទៅសម្ដេច ទៀវ បាញ់ និងលោកស្រី ឱ វណ្ណឌីន គឺដោយសារតែសម្ដេច និយាយពេលកំពុងហាត់ប្រាណ ។
ការថ្លែងបញ្ជាក់របស់សម្ដេច ធ្វើឡើងបន្ទាប់ពីមាន បងប្អូនប្រជាពលរដ្ឋមួយចំនួន ចាប់អារម្មណ៍ចំពោះសំឡេង របស់សម្ដេចនិយាយកាលពីម្សិលមិញ ហាក់ដូចហត់ខ្លាំង ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ មេសានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទី៤ នៃការធ្វើចត្តាឡីសក័របស់សម្ដេច បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី។ សម្ដេចថា ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកស្រី ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជន នៅតំបន់ក្រហមដោយកម្លាំងកងទ័ព។
សម្ដេចតេជោបញ្ជាក់ថា «មានបងប្អូនមួយចំនួន ចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំ ដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេល ដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយ នៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅ ដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេច និងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការ
ធម្មតាមិនមានអ្វីរាំងស្ទះឡើយ» ៕