ព័ត៌មានរបស់អ្នកប្រើប្រាស់ កម្មវិធីហ្វេសប៊ុក ប្រមាណ ៥៣៣លាននាក់ កំពុងត្រូវបានចែកចាយ

0

ភ្នំពេញ៖ក្រុមជនអនាមិក កំពុងតែចែកចាយព័ត៌មាន របស់អ្នកប្រើប្រាស់ កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ មកពី ១០៦ប្រទេស រាប់បញ្ចូលទាំងប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា។ ព័ត៌មានដែលពួកគេកំពុងតែចែកចាយនោះមានដូចជា លេខទូរសព្ទ ឈ្មោះសម្គាល់របស់គណនី ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ទីតាំង ថ្ងៃខែឆ្នាំកំណើត អ៊ីមែល និងប្រវត្តិរបស់អ្នកប្រើប្រាស់។

យោងតាម នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានឲ្យដឹងថាទិន្នន័យទាំងនោះត្រូវបាន ក្រុមជនខិលខូច ទាញយកកាលពីឆ្នាំ២០១៩ ដែលពេលនោះ កម្មវិធីរបស់ហ្វេសប៊ុក មានភាពចន្លោះប្រហោងមួយចំនួន ដែលអាចឱ្យពួកគេទាញ យកទិន្នន័យ បានយ៉ាងងាយស្រួល។

ទោះបីជាទិន្នន័យ ដែលបានទាញយកនោះ គឺជាទិន្នន័យចាស់តាំងពីឆ្នាំ២០១៩ ក្ដីប៉ុន្តែទិន្នន័យទាំងនោះកំពុងតែត្រូវបានដាក់លក់ និងចែកចាយ នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហើយជនខិលខូច អាចប្រើទិន្នន័យទាំងនោះ ដើម្បីព្យាយាមចូល ទៅក្នុងគណនីហ្វេសប៊ុក របស់អ្នកប្រើប្រាស់ ឬក្លែងបន្លំធ្វើ ជាអ្នកប្រើប្រាស់ ដើម្បីចូលទៅគណនីផ្សេងៗទៀត។

ដូច្នេះនាយកដ្ឋាន សូមឱ្យអ្នកប្រើប្រាស់គួរតែធ្វើការផ្លាស់ ប្ដូរលេខសម្ងាត់ ប្រសិនបើលោកអ្នកពុំដែលបានប្ដូរលេខសម្ងាត់តាំងពីដើមឆ្នាំ ២០២០ នោះមក៕