នាយកដ្ឋានព័ត៌មានវិទ្យា៖ បន្ទាប់ពីការចុះផ្សាយលើកមុន នៅពេលថ្មីៗនេះយើងសង្កេតឃើញ មានសកម្មភាពអូសទាញវិនិយោគ លើបណ្តាញទំនាក់ទំនងសង្គម នៅតែបន្តកើតមានជាបន្តបន្ទាប់ ពិសេសកម្មវិធី Telegram ដែលគណនីរបស់អ្នកត្រូវបាន ដាក់បញ្ចូលក្នុងគ្រុបបរទេស (Group) ឬមានជនបរទេសទាក់ទង មកគណនីរបសស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពីការវិនិយោគលើ “កាក់ឌីជីថល” ឬហៅម្យ៉ាងទៀតថា “រូបីយប័ណ្ណឌីជីថល”។
គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកមើលអត្ថបទសារក្នុងគ្រុបទាំងនោះ អ្នកនឹងឃើញអំពីភាពជោគជ័យ នៃការវិនិយោគរបស់សមាជិកផ្សេងៗ ដូចជាការដាក់ប្រាក់ (Deposit) និងការដកប្រាក់ចំណេញ (Withdraw) ជាដើម។ បើយោងតាមសេចក្តីរាយការណ៍កន្លងមក មានជនរងគ្រោះជាច្រើន បានធ្លាក់ក្នុងគម្រោងឆបោក និងខាតបង់ប្រាក់ ជាច្រើនករណី។
ដើម្បីការពារពីការចាញ់បោក ខាតបង់ប្រាក់ និងពេលវេលា នាយកដ្ឋានព័ត៌មានវិទ្យា សូមណែនាំបងប្អូនពលរដ្ឋ ទាំងអស់មេត្តាប្រុងប្រយ័ត្ន ធ្វើការពិចារណា និងពិភាក្សាជាមួយអ្នកជំនាញ ឲ្យបានដិតដល់មុនពេលចំណាយប្រាក់ វិនិយោគលើជំនួញដែលបងប្អូន ពុំបានយល់ដឹងច្បាស់។
បញ្ជាក់៖ អត្ថបទនេះមានគោលបំណងអប់រំ បងប្អូនពលរដ្ឋកុំឲ្យចាញ់ការឆបោក ក្រុមជនខិលខូចមួយចំនួនប៉ុណ្ណោះ ហើយក្រុមការងារសូមបញ្ជាក់ថា អត្ថន័យខាងលើពុំសំដៅដល់ក្រុមហ៊ុន ឬភ្នាក់ងារស្របច្បាប់មួយចំនួន ដែលកំពុងប្រតិបត្តិវិនិយោគរូបីយប័ណ្ណឌីជីថល ក្នុងព្រះរាជាណាចក្រកម្ពុជា នោះឡើយ ៕