ល្បិចខ្ពស់មែន! ខ្ចីម៉ូតូសង់០១០ ពីមិត្តភក្តិ ទៅលួចប្ដូរយកសង់០២១ រួចជិះគេចខ្លួនជិត ១០ថ្ងៃ ត្រូវសមត្ថកិច្ចក្របួចជាប់

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូមិត្តភក្តិហុងដាឆ្នាំ២០១០ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទៅរកទិញបន្តិច ស្រាប់តែបន្តទៅលួចដូរម៉ូតូហុងដាឆ្នាំ២០២១ បានសម្រេចនៅ សង្កាត់កំបូលខណ្ឌកំបូល ជិះគេចខ្លួនបានជិត ១០ថ្ងៃ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅម្តុំផ្លួវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ។

បើតាមម្ចាស់ម៉ូតូបានរៀបរាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆៅ ភេទប្រុស អាយុ ២០ឆ្នាំ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅបានខ្ចីម៉ូតូរបស់គាត់មួយភ្លែត ដោយសារតែធ្លាប់ស្គាល់គ្នាទើបឱ្យជិះទៅ ។ អស់រយ:ពេលជាច្រើនថ្ងៃ មិនឃើញជនសង្ស័យយកម៉ូតូមកឲ្យវិញ ទើបរូបគាត់មកដាក់ពាក្យបណ្តឹង នគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍។ លុះរហូតមកដល់វេលាម៉ោង ៣រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ទើបសមត្ថកិច្ចខលប្រាប់ថា ជនសង្ស័យត្រូវចាប់ខ្លួនបានហើយ។

មុនឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យបានជិះម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១០ មួយគ្រឿងយកទៅប្តូរយកម៉ូតូ ហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២១ នៅសង្កាត់កំបូល ខណ្ឌកំបូល ហើយគេចខ្លួនបាត់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ លុះរហូតមកដល់ថ្ងៃទី២៩ ខែមីនា ទើបសមត្ថកិច្ចឃាត់ខ្លួនបាននៅផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រួចនាំខ្លួនមកប្រគល់ជូននគរបាលប៉ុស្តិ៍កំបូល ដើម្បីចាត់ការតាមច្បាប់ ៕