នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញភាពចន្លោះប្រហោង នៅក្នុងប្រព័ន្ធសេវាកម្មទូរសព្ទ របស់ក្រុមហ៊ុនធំៗ នៅសហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន T-Mobile, Verizon និង AT&T ដែលអាចឱ្យជនខិលខូចបញ្ជូនសារ SMS ទៅទូរសព្ទផ្សេងបាន។
បើតាមការផ្សព្វផ្សាយរបស់ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ជនខិលខូចគ្រាន់តែចំណាយទឹកប្រាក់ ១៦ដុល្លារប៉ុណ្ណោះដើម្បី ឱ្យជនអនាមិកធ្វើការផ្លាស់ប្ដូរសារ SMS ពីទូរសព្ទមួយទៅទូរសព្ទមួយទៀតបាន ដែលវិធីនេះអាចឱ្យពួកគេ ទទួលបានលេខកូដ OTP ដើម្បីចូលទៅក្នុងគណនីបណ្ដាញ ទំនាក់ទំនងសង្គមផ្សេងៗមានដូចជា Telegram និង WhatsApp ជាដើម។
គួរបញ្ជាក់ដែរថា ការជ្រៀតចូលនេះគឺមិនដូចគ្នា នឹងការជ្រៀតចូលតាមរយៈ SIM swapping ដែលជនខិលខូចតេទៅក្រុមហ៊ុនទូរសព្ទ ដើម្បីធ្វើការផ្លាស់ប្ដូរសេវាកម្មពីស៊ីមមួយ ទៅស៊ីមមួយទៀតនោះទេ។ ទោះបីជាបច្ចុប្បន្នក្រុមហ៊ុនផ្ដល់សេវាកម្ម ទូរសព្ទទាំងបីធំៗនៅសហរដ្ឋអាមេរិក បានធ្វើបច្ចុប្បន្នភាព កែសម្រួលបញ្ហានេះហើយក្ដី ប៉ុន្តែវាគឺជាឧទាហរណ៍ដ៏ល្អមួយទៀត ដែលបង្ហាញពីភាពចន្លោះប្រហោង នៅក្នុងប្រព័ន្ធផ្ញើសារ SMS ដែលធ្វើឱ្យការប្រើប្រាស់សារ SMS ក្នុងការបញ្ជាក់អត្តសញ្ញាណជាមួយប្រព័ន្ធ 2FA មិនមានសុវត្ថិភាពខ្ពស់។
ដូច្នេះហើយបានជានាយកដ្ឋាន បានណែនាំឱ្យអ្នកប្រើប្រាស់ឧបករណ៍ បច្ចេកវិទ្យាដែលមានផ្ទុកឯកសារសំខាន់ៗ និងអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ គួរតែប្រើកូនសោសុវត្ថិភាព USB/NFC (security keys) ជាមួយប្រព័ន្ធ 2FA ដើម្បីការពារគណនីរបស់អតិថិជន ក៏ដូចជាឯកសាររបស់ពួកគេផ្ទាល់ ៕