នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោកស្រីចៅក្រម Lucy Koh នៅក្រុង San Jose នៃរដ្ឋ California បានបដិសេធការស្នើសុំរបស់ក្រុមហ៊ុន Google ឱ្យច្រានចោលពាក្យបណ្ដឹង ហើយលោកស្រីបានសម្រេចឱ្យក្រុមមេធាវីតំណាងឱ្យ អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក អាចបន្តប្ដឹងក្រុមហ៊ុន Google ទាក់ទងទៅនឹងការតាមដានអ្នកប្រើប្រាស់ទោះបីជា ពួកគេកំពុងប្រើកម្មវិធី Chrome ជាមួយនឹងមុខងារ Incognito ក៏ដោយ។
ទាក់ទងនឹងពាក្យបណ្ដឹងនេះ ក្រុមអ្នកប្រើប្រាស់បានចោទប្រកាន់ក្រុមហ៊ុន Google ថាបានបន្តតាមដាននិងប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់នៅពេលដែលពួកគេប្រើមុខងារ Incognito ដោយពុំមានការអនុញ្ញាត។ ពួកគេបានអះអាងថា នៅពេលដែលពួកគេប្រើមុខងារនេះ គេគិតថាទិន្នន័យទាំងអស់គឺ មិនត្រូវបានតាមដានពីក្រុមហ៊ុន Google នោះទេប៉ុន្តែក្រុមហ៊ុននៅតែតាមដាននិងទាញយក ទិន្នន័យគ្រប់យ៉ាងពីអ្នកប្រើប្រាស់ដដែល។
គួររំឭកផងដែរថា កាលពីចុងខែកុម្ភៈកន្លងទៅ នាយកដ្ឋានបានធ្វើការផ្សព្វផ្សាយ ទាក់ទងនឹងការប្រើមុខងារ Incognito Tab ឬ Private Tab ប្រសិនបើលោកអ្នកមិន ចង់ឱ្យមានការរក្សាទុក ទិន្នន័យរបស់វេបសាយ ដែលលោកអ្នកបានចូលទៅមើលនៅក្នុងកុំព្យូទ័រ ឬទូរសព្ទ។
ទន្ទឹមនឹងគ្នានោះ នាយកដ្ឋានក៏បានឱ្យលោកអ្នកមាន ការប្រុងប្រយ័ត្នជាមួយនឹងមុខងារ Incognito Tab ព្រោះវាគ្រាន់តែមិនបានរក្សា ទុកទិន្នន័យនៅក្នុងទូរសព្ទតែប៉ុណ្ណោះ ហើយនេះមិនមានន័យថាគ្មាននរណាម្នាក់អាចដឹងពីការចូលទៅប្រើប្រាស់ វេបសាយរបស់លោកអ្នកនោះទេ ព្រោះអ្នកគ្រប់គ្រងប្រព័ន្ធ network និងក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតអាចដឹងពីការចូល ទៅក្នុងវេបសាយទាំងអស់នោះបាន ៕