នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះក្រុមហ៊ុន Google បានប្រកាសនៅក្នុងគេហទំព័រថា ក្រុមហ៊ុនគ្រោងនឹងឈប់ប្រើប្រាស់ ទិន្នន័យឯកជនភាពដែលក្រុមហ៊ុនតែងតែ ទាញយកពីអ្នកប្រើប្រាស់នៅពេលដែល ពួកគេចូលប្រើគេហទំព័រ ជាងនេះទៅទៀតក្រុមហ៊ុនក៏នឹង ឈប់បង្កើតកម្មវិធីបន្ថែម សម្រាប់តាមដានអ្នកប្រើប្រាស់ទៀតផង។
ការប្រកាសនេះបន្ទាប់ពី Google បានសន្យាកាលពីខែមករាថា ពួកគេនឹងលុបចោលកម្មវិធីទាញ យកទិន្នន័យតាមរយៈ Cookies ជាមួយនឹងជនទី៣ (Third-party) ដែលនេះជាប្រភពទិន្នន័យដ៏សំខាន់បំផុត របស់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ តាមតាមដានអ្នកប្រើប្រាស់។
លោក David Temkin ដែលជាអ្នកទទួលបន្ទុកផ្នែកផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមិនចាំបាច់ តាមដានអ្នកប្រើប្រាស់ រាល់គេហទំព័រដែលពួកគេ បានចូលមើលជាលក្ខណៈឯកជន ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទៀតទេ ហើយ Google នឹងប្រើទិន្នន័យដែលគេបានទាញយក ជាក្រុមមកប្រើជំនួសវិញ។
ការផ្លាស់ប្ដូររបស់ក្រុមហ៊ុន Google ត្រូវបានក្រុមអ្នកតាមដានផ្នែកបច្ចេកវិទ្យាសន្និដ្ឋានថា វាដោយសារតែការដាក់សម្ពាធពីរដ្ឋាភិបាលជាច្រើនជុំវិញពិភពលោក ជាពិសេសពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប
ទាក់ទងទៅនឹងការរំលោភបំពាន ក្នុងការទាញយកទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់ដូច្នេះក្រុមហ៊ុន បានសម្រេចធ្វើការតែសម្រួលដើម្បីចៀសវាង កុំឱ្យរដ្ឋាភិបាលទាំងនោះដាក់ចេញ នូវគោលការណ៍ណាមួយដែល ក្រុមហ៊ុនពិបាកនឹងអនុវត្តតាម៕