Google ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ទាក់ទងទៅនឹងការវាយប្រហារ Zero-day ថ្មីមួយទៀត

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្នុងរយៈពេលតែ មួយខែគត់ចាប់តាំងពីក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ទាក់ទងនឹងការវាយប្រហារ Zero-day ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុនក៏បានប្រកាសសារជាថ្មីថា មានភាពចន្លោះប្រហោងមួយទៀតនៅក្នុងកម្មវិធី Chrome ដែលអាចឱ្យជនខិលខូចធ្វើការវាយប្រហារ ទៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់បាន។

ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព កែសម្រួលបញ្ហានេះ ដែលមានការប៉ះពាល់ដល់កុំព្យូទ័រ ដែលមានប្រព័ន្ធប្រតិបត្តិការ Windows, Mac និង Linux ជាមួយនឹងកម្មវិធី Chrome 89.0.4389.72។ ការធ្វើបច្ចុប្បន្នភាពនេះក៏បាន ធ្វើការកែសម្រួលបញ្ហាចំនួន ៤៧ទៀត នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន។

ភាពចន្លោះប្រហោងដែលមានលេខសម្គាល់ CVE-2021-21166 ត្រូវបានរកឃើញកាលពីថ្ងៃទី១១ ខែកុម្ភៈ ដោយលោកស្រី Alison Huffman ដែលជាអ្នកស្រាវជ្រាវផ្នែក សុវត្ថិភាពកុំព្យូទ័រនៅក្រុមហ៊ុន Microsoft។ បច្ចុប្បន្នក្រុមហ៊ុន Google ពុំបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះទេ ដើម្បីចៀសវាងកុំឱ្យជនខិលខូចផ្សេងទៀត ដឹងអំពីភាពចន្លោះប្រហោង ដែលអាចធ្វើឱ្យការវាយប្រហារកាន់តែកើនឡើង។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការ ប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក នាយកដ្ឋានសូមឱ្យលោកអ្នក ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ទៅជំនាន់ 89.0.4389.72 ដោយចូលទៅក្នុង Settings > Help > About Google Chrome របស់កម្មវិធីជាបន្ទាន់ ដើម្បីចៀសវាងពីការវាយប្រហារ ៕