ក្រុមហ៊ុន Microsoft ខិតខំប្រឹងប្រែងបង្កើន ប្រជាប្រិយភាពកម្មវិធី Teams ជាមួយមុខងារថ្មី

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធី Teams គឺជាកម្មវិធីដែលអាចឱ្យអ្នកប្រើប្រាស់ ធ្វើការប្រជុំតាមរយៈវីដេអូ ពីចម្ងាយដែលគេហៅថា Video Conferencing ប៉ុន្តែកម្មវិធីនេះមិនសូវជាមាន ប្រជាប្រិយភាពបើយើងប្រៀបធៀបទៅកម្មវិធី Zoom ឬកម្មវិធី Meet របស់ក្រុមហ៊ុន Google។ ដូច្នេះហើយបានជាក្នុងពេលថ្មីៗ នេះក្រុមហ៊ុន Microsoft បានបន្ថែមមុខងារមួយចំនួនទៀត ដើម្បីទាក់ទាញអ្នកប្រើប្រាស់។

មុខងារថ្មីទាំងនោះមានដូចជា Teams Connect ដែលអាចឱ្យអ្នកប្រើប្រាស់ចែករំលែក ឯកសារជាមួយក្រុមហ៊ុនដទៃទៀត ដើម្បីធ្វើកិច្ចការណាមួយ។ ប្រសិនបើលោកអ្នកចង់ឱ្យមាន អ្នកចូលរួមការបង្ហាញឱ្យបានច្រើននោះ លោកអ្នកអាចប្រើមុខងារ View-only ដែលមុខងារនេះអាចឱ្យមានអ្នកចូលរួម រហូតដល់ទៅមួយម៉ឺននាក់។ ប៉ុន្តែមុខងារដែលលេចធ្លោជាងគេនោះគឺមុខងារ PowerPoint Live ដែលអាចឱ្យអ្នកបង្ហាញ និងអ្នកចូលរួមអាចគ្រប់គ្រងទៅលើ Slide ដែលពួកគេចង់បង្ហាញឬមើល។ នេះមានន័យថាអ្នកចូលរួមអាចចុចមើល Slide មុនៗបានប្រសិនបើពួកគេកត់ត្រាពុំទាន់ ឬមើលទៅមុខទៀតប្រសិនបើ ពួកគេចង់មើលព័ត៌មានមុនអ្នកបង្ហាញនោះ។

ក្រៅពីមុខងារទាំងនោះក្រុមហ៊ុន ក៏បានបង្ហាញនូវឧបករណ៍ Intelligent Speakers ដែលអាចសរសេររបាយការណ៍ និងធ្វើការកំណត់សំឡេងអ្នកចូលរួម នៅក្នុងកិច្ចប្រជុំបានរហូតដល់ទៅ ១០នាក់ ដើម្បីប្រើក្នុងការបញ្ចូលឈ្មោះ អ្នកចូលរួមទៅក្នុងរបាយការណ៍។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា Intelligent Speakers នឹងត្រូវបានដាក់ឱ្យប្រើសាកល្បង ជាលក្ខណៈឯកជននៅចុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ អំពីតម្លៃរបស់វានៅឡើយទេ ៕