នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុនជាច្រើនមិនថាតូចឬធំនោះទេ បានចំណាយលុយជាច្រើនរៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាមួយ នឹងក្រុមហ៊ុនហ្វេសប៊ុក ដោយសង្ឃឹមថាផលិតផល ឬសេវាកម្មរបស់ពួកគេនឹងត្រូវបាន មើលឃើញពីសំណាក់មហាជន ដែលអាចក្លាយជាអតិថិជនរបស់ពួកគេ ដែលនេះធ្វើឱ្យក្រុមហ៊ុនហ្វេសប៊ុក រកចំណូលបានរាប់ពាន់លានដុល្លារ ពីការផ្សព្វផ្សាយពាណិជ្ជកម្មនេះ។
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Financial Times កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុកបានរងការ ចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងមួយថា បានបំប៉ោងចំនួនអ្នកមើល ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម (Potential Reach) ដើម្បីរកចំណូលពីការផ្សព្វផ្សាយ ពាណិជ្ជកម្មឱ្យបានកាន់តែច្រើន។
នៅក្នុងការចោទប្រកាន់នេះ ពួកគេបានបង្ហាញសាររវាងអ្នកគ្រប់គ្រងធំៗ នៅក្នុងក្រុមហ៊ុនទាក់ទងនឹងការបំប៉ោងទិន្នន័យនេះ។ បុគ្គលិកផ្នែកគ្រប់គ្រងម្នាក់ បានផ្ញើសារស្នើសុំឱ្យមានការកែតម្រូវ ដោយបន្ថយចំនួនអ្នកមើល ព្រោះវាខុសគ្នាខ្លាំងពេក ប៉ុន្តែត្រូវបានអ្នកគ្រប់គ្រងឆ្លើយតបវិញថា ការផ្លាស់ប្ដូរនេះនឹងធ្វើឱ្យពួកគេ ខាតបង់ចំណូលជាច្រើន។ នៅក្នុងពាក្យបណ្ដឹងនេះក៏បានបង្ហាញផងដែរថា ពេលខ្លះក្រុមហ៊ុនហ្វេសប៊ុក បានផ្ដល់ទិន្នន័យដែលមានចំនួនអ្នកមើលច្រើនជាង ចំនួនអ្នករស់នៅក្នុងតំបន់នោះទៅទៀត។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនហ្វេសប៊ុកបានរង ការចោទប្រកាន់ទាក់ទងនឹង ការបំប៉ោងទិន្នន័យនោះ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនបានយល់ព្រមបង់ទឹកប្រាក់ចំនួន ៤០លានដុល្លារ ទាក់ទងនឹងការបំផ្លើសចំនួនអ្នកមើល វីដេអូផ្សព្វផ្សាយពាណិជ្ជកម្មអស់រយៈពេលពីរឆ្នាំ រួចមកហើយផងដែរ ៕