នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធីដែលមានប្រជាប្រិយភាពមួយ ដោយសារតែកម្មវិធីនេះងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេ ដែលគិតគូរពីសុវត្ថិភាពទិន្នន័យ ឯកជនភាពរបស់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀតកម្មវិធីនេះ កាន់តែមានអ្នកប្រើប្រាស់ កើនឡើងច្រើន បន្ទាប់ពីកម្មវិធី WhatsApp បានទាមទារឱ្យអ្នកប្រើប្រាស់យល់ព្រម ក្នុងការផ្ដល់ទិន្នន័យឯកជនភាព របស់ពួកគេជាមួយនឹងកម្មវិធីហ្វេសប៊ុក។
ប៉ុន្តែក្នុងពេលថ្មីៗនេះ អ្នកស្រាវជ្រាវម្នាក់បានរកឃើញ ពីភាពចន្លោះប្រហោង នៅក្នុងមុខងារសារសម្ងាត់របស់កម្មវិធី Telegram សម្រាប់ macOS ដែលអាចឱ្យអ្នកប្រើប្រាស់ ឬជនណាម្នាក់ចូលទៅទាញយក សារសំឡេងឬវីដេអូនោះមកវិញបាន។ បញ្ហានេះគឺដោយសារតែក្រុមហ៊ុន មិនបានលុបចោលសារទាំងនោះ នៅពេលដែលវាត្រូវបានលុបចេញពីស្រ្គីន (Screen) របស់អ្នកប្រើប្រាស់ទេ ហើយឯកសារទាំងនេះត្រូវបាន រក្សាទុកនៅក្នុងទីតាំងមួយ ជាមួយនឹងឯកសារផ្ញើសារធម្មតា ដែលអ្នកប្រើប្រាស់អាចចូល ទៅទាញយកមកវិញបាន។
ដូច្នេះដើម្បីចៀសវាងពីការទាញយក ទិន្នន័យនៅពេលប្រើសារសម្ងាត់នោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram សម្រាប់ macOS ទៅជំនាន់ 7.4 ដែលក្រុមហ៊ុនបានដាក់ ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ខែមករានោះ។
គួរបញ្ជាក់ផងដែរថានៅពេល ដែលលោកអ្នកធ្វើការផ្ញើសារធម្មតា សារទាំងនោះត្រូវបានអ៊ីនគ្រីប នៅពេលដែលឆ្លងកាត់សើវើ (Server) របស់ក្រុមហ៊ុនផ្សេងៗទៀត ប៉ុន្តែវាមិនត្រូវបានអ៊ីនគ្រីប នៅក្នុងប្រព័ន្ធសើវើ របស់ក្រុមហ៊ុន Telegram នោះទេ។ ដូច្នេះសាររបស់លោកអ្នក អាចត្រូវបានទាញយក នៅពេលដែលសើវើរបស់ក្រុមហ៊ុន ត្រូវបានរងការវាយប្រហារ៕