ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងពេលថ្មីៗកន្លងមកនេះ ក្រុមការងាររុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរកឃើញឆ្អឹងសាកសព របស់អតីតទាហានម៉ារីន លន់ ណុល មានឈ្មោះ CHHIM CHHEANGLY ដែលបានបន្សល់ទុក ក្នុងនាវាដឹកគ្រាប់ដែលបានលិច ក្នុងទន្លេមេគង្គក្នុងភូមិសាស្រ្តភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកអភិបាលខេត្តកំពង់ចាម បានសរសេរលើហ្វេសប៊ុក កលពីថ្ងៃទី១២ កុម្ភៈថា នេះជាការជូនដំណឹងដល់សាច់ញាតិ បងប្អូនមកទំនាក់ទំនងជាមួយ រដ្ឋបាលខេត្តកំពង់ចាម ដើម្បីទទួលយកធាតុ របស់គាត់ទៅធ្វើបុណ្យតាមប្រពៃណី ។
សូមរំលឹកថា បន្ទាប់ពីរាជរដ្ឋាភិបាល ទទួលបានរបាយការណ៍ពី រដ្ឋបាលខេត្តកំពង់ចាម អំពីករណីរកឃើញនាវាចម្បាំង បានលិចបន្សល់ទុកពីសម័យសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧០-១៩៧៥ ក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនោះ រាជរដ្ឋាភិបាល បានចាត់តាំងក្រុមការងារកងកម្លាំង បោសសំអាតគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ដែលមាននាយឧត្ដមសេនីយ៍ នាង ផាត ជាប្រធាន បានបន្តរុករកឃើញគ្រប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង ៦តោន និងបន្តរុករកនូវសម្ភារៈ សង្រ្គាមជាបន្តបន្ទាប់ផងដែរ ៕

