Instagram បានបិទគណនីមួយចំនួន ដែលប្រើឈ្មោះសម្គាល់ (User Names) ប្រភេទ O.G. ដែលត្រូវបានលួច

0

គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួនត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេត អស់រយៈពេលជាច្រើនខែទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញ និងលក់ឈ្មោះសម្គាល់ជាច្រើននោះ។

ឈ្មោះសម្គាល់ដែលជនខិលខូច បានលួចនោះគឺជាប្រភេទឈ្មោះសម្គាល់ O.G. ដែលអ្នកប្រើប្រាស់ភាគច្រើនចង់បាន និងមានតម្លៃខ្ពស់រហូតដល់ទៅ ៤ម៉ឺនដុល្លារនៅក្នុងទីផ្សារងងឹត។ កត្តាដែលធ្វើឱ្យឈ្មោះសម្គាល់ O.G. មានភាពពិសេសដែលនាំឱ្យ អ្នកប្រើប្រាស់ចង់បាននោះគឺ ដោយសារវាខ្លីហើយមានន័យ មានដូចជា @Sick និង @Miracle ជាដើម។ ម្យ៉ាងវិញទៀតការប្រើប្រាស់ឈ្មោះសម្គាល់ខ្លីៗ ក៏អាចជាសញ្ញាមួយបញ្ជាក់ថា ពួកគេគឺជាអ្នកប្រើកម្មវិធីនេះជាយូរមកហើយ ។

បើតាមការស្រាវជ្រាវបានបង្ហាញថា ទោះបីជាឈ្មោះសម្គាល់មួយចំនួន ត្រូវបានលួចយក តាមរយៈការជ្រៀតចូល ឬការវាយប្រហារ មានដូចជាការលួចផ្ទេរសេវាកម្មទៅស៊ីមទូរសព្ទថ្មី (SIM swap) នោះក្ដីប៉ុន្តែពេលខ្លះទៀត ឈ្មោះសម្គាល់ទាំងនេះត្រូវបានប្រគល់ ឱ្យជនខិលខូចដោយសារតែមានការគំរាមកំហែង ឬការបំពានណាមួយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា មានជនខិលខូចចំនួន ៩នាក់ដែលនៅពីក្រោយការជួញដូរនេះ ហើយភាគច្រើនពួកគេបានប្រើគេហទំព័រ ខាងលើនិងកម្មវិធី Telegram ដើម្បីធ្វើការទំនាក់ទំនង ជាមួយអតិថិជនរបស់ពួកគេ។

សម្រាប់លោកអ្នកដែលពុំទាន់ស្គាល់អំពីវិធី SIM swap នោះវាគឺជាការជ្រៀតចូលដែលជនខិលខូច ធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនទូរសព្ទ ដោយបន្លំខ្លួនធ្វើជាម្ចាស់លេខទូរសព្ទ ហើយស្នើសុំឱ្យក្រុមហ៊ុន ផ្លាស់ប្ដូរសេវាកម្មទៅប្រើជាមួយ នឹងស៊ីមថ្មីដែលនេះអាចឱ្យពួកគេ ទទួលបានលេខសម្ងាត់ OTP ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងការ ផ្លាស់ប្ដូរគណនីជាមួយនឹងក្រុមហ៊ុន Instagram បាន ៕