Instagram បន្ថែមមុខងារថ្មី ដើម្បីគ្រប់គ្រងទិន្នន័យ ដែលត្រូវបានលុប ‘Recently Deleted’

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះ ក្រុមហ៊ុនអ៊ីនស្តាក្រាមបានប្រកាសថា ក្រុមហ៊ុនកំពុងតែរៀបចំដាក់ឱ្យ ប្រើប្រាស់នូវមុខងារដើម្បីគ្រប់គ្រង ទិន្នន័យដែលត្រូវបានលុប ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការ គ្រប់គ្រងគណនីរបស់ពួកគេ។ “យើងដឹងថា នេះគឺជាមុខងារដែល អ្នកប្រើប្រាស់ទទូចចង់បាន ហើយនេះជាលើកទីមួយហើយដែល ពួកគេអាចពិនិត្យមើលទិន្នន័យ ដែលត្រូវបានលុប ហើយអាចដាក់ឱ្យប្រើទិន្នន័យឡើងវិញ (Restore) បានទៀតផង” នេះបើតាមការផ្សព្វផ្សាយ នៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន។

គ្រប់ទិន្នន័យទាំងអស់មានដូចជា រូបភាព វីដេអូ និង Stories ដែលត្រូវបានលុបនិងដាក់បញ្ចូល ទៅក្នុងកន្លែងមួយដែលគេហៅថា ‘Recently Deleted’។ មុខងារនេះគឺវាស្រដៀងនឹងមុខងារ ដែលមាននៅក្នុងទូរសព្ទ iPhone ដែលលោកអ្នកខ្លះកំពុងតែប្រើប្រាស់នោះ។ ទិន្នន័យទាំងអស់នឹងត្រូវលុបចោល ដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣០ថ្ងៃ លើកលែងតែ Stories ដែលនឹងត្រូវលុបចោលក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីអ្នកប្រើប្រាស់បានលុបវាចោល។

ដើម្បីការពារសុវត្ថិភាពរបស់ អ្នកប្រើប្រាស់ពីជនខិលខូចដែលតែងតែ ព្យាយាមលួចចូលទៅក្នុងគណនី ហើយលុបទិន្នន័យចោលនោះ ក្រុមហ៊ុននឹងទាមទារឱ្យមានការ បញ្ជាក់អត្តសញ្ញាណតាមរយៈការផ្ញើសារ ឬអ៊ីមែល មុននឹងពួកគេអាចលុបចោលទិន្នន័យទាំងនោះ ឬដាក់ឱ្យប្រើទិន្នន័យឡើងវិញ ទៀតផង។ នៅពេលដែលក្រុមហ៊ុនដាក់ឱ្យប្រើមុខងារនេះ លោកអ្នកអាចចូលទៅមើល ទិន្នន័យដែលត្រូវបានលុបចោលនោះ ដោយចូលទៅក្នុង Settings > Account > Recently Deleted របស់កម្មវិធីអ៊ីនស្តាក្រាម ៕