នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយសារតែមានការប្រលងប្រជែងគ្នាខ្លាំង នៅក្នុងវិស័យបច្ចេកវិទ្យារវាងក្រុមហ៊ុន បានធ្វើឱ្យការវិវឌ្ឍន៍នៃបច្ចេកវិទ្យា កាន់តែមានសន្ទុះនៅក្នុងរយៈពេល មួយទសវត្សរ៍ចុងក្រោយនេះ។
ដូចជាម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញអំពីគម្រោងបច្ចេកវិទ្យា ដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលថ្មទូរស័ព្ទពីចម្ងាយបាន រហូតដល់ទៅ៤ម៉ែត្រ ហើយទូរស័ព្ទនីមួយៗ នឹងទទួលបានកម្លាំងសាក 5W។ ទោះបីជាការផ្ដល់កម្លាំងសាកត្រឹមតែ 5W វាមិនអាចបញ្ចូលថ្មបានលឿននោះទេ បើយើងប្រៀបធៀបទៅ នឹងបច្ចេកវិទ្យាបញ្ចូលថ្មតាម រយៈខ្សែនាពេលបច្ចុប្បន្ន ប៉ុន្តែវាក៏មិនយឺតពេកនោះដែរ។
Mi Air Charge គឺជាឈ្មោះដែលក្រុមហ៊ុនបានប្រើ ក្នុងការផ្សព្វផ្សាយឧបករណ៍ថ្មីនេះ ហើយក្រុមហ៊ុនក៏បានប្រកាសផងដែរថា បច្ចេកវិទ្យានេះគឺមិនមែនជាការស្រមើស្រមៃនោះទេ ដែលនេះអាចមានន័យថា បច្ចេកវិទ្យានេះនឹងមានដាក់ឱ្យ ប្រើប្រាស់នៅក្នុងពេលអនាគតឆាប់ៗនេះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏មានបំណង ធ្វើឱ្យឧបករណ៍សាកថ្មនេះអាចប្រើ បានជាមួយនឹងនាឡិកាវៃឆ្លាត និងធុងប៉ាស់យួរដៃ (Speaker) បានទៀតផង។
គួរបញ្ជាក់ផងដែរថា ទោះបីជានាពេលបច្ចុប្បន្ន យើងបានឃើញពីបច្ចេកវិទ្យាសម្រាប់ សាកថ្មទូរស័ព្ទជាច្រើនប្រភេទ ដោយមិនចាំបាច់ភ្ជាប់ខ្សែ (Wireless) ប៉ុន្តែវានៅតែតម្រូវឱ្យយើងដាក់ទូរស័ព្ទ ជាប់នឹងឧបករណ៍ឆ្នាំងសាកនោះដដែល ដើម្បីអាចបញ្ចូលថ្មបាន ៕