Home បច្ចេកវិទ្យា ក្រុមហ៊ុន Facebook មិនពេញចិត្ត ជាមួយមុខងារក្រើនរំឭកថ្មី ដែលទាក់ទងនឹងការទាញយកទិន្នន័យ

ក្រុមហ៊ុន Facebook មិនពេញចិត្ត ជាមួយមុខងារក្រើនរំឭកថ្មី ដែលទាក់ទងនឹងការទាញយកទិន្នន័យ

0

នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅពេលដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 14 កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនបានបន្ថែមមុខងារថ្មីៗ ជាច្រើនដើម្បីឱ្យការប្រើប្រាស់ ទូរសព្ទកាន់តែមានភាពល្អប្រសើរឡើង។ ក្នុងចំណោមមុខងារថ្មីៗទាំងនោះមានតែមុខងារមួយប៉ុណ្ណោះ ដែលធ្វើឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្វេសប៊ុក កើតទុក្ខមិនសុខចិត្ត ព្រោះវាអាចធ្វើឱ្យកាន់តែមានការលំបាកក្នុង ការទាញយកទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់។

ជាមួយមុខងារថ្មីនេះក្រុមហ៊ុន Apple បានទាមទារឱ្យអ្នកអភិវឌ្ឍ កម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ទាក់ទងនឹងការទាញយក ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកប្រហែល ជាអាចបិទកុំឱ្យមានការទាញយកបានផងដែរ។ កាលពីម្សិលមិញនេះ ក្រុមហ៊ុនហ្វេសប៊ុកបាន ធ្វើការផ្សព្វផ្សាយរិះគន់ក្រុមហ៊ុន Apple ខ្លាំងៗ ដោយចោទប្រកាន់ថាមុខងារថ្មីនេះ គឺមិនមែនដើម្បីសម្រាប់ការពារ ទិន្នន័យឯកជនភាពនោះទេ ផ្ទុយទៅវិញគឺវាដើម្បីឱ្យក្រុមហ៊ុន Apple ទាញយកផលចំណេញតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Mozilla ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី web browser Firefox បានចេញសេចក្ដីរាយការណ៍គាំទ្រក្រុមហ៊ុន Apple ដែលបានបន្ថែមមុខងារនេះ ព្រោះការទាញយកទិន្នន័យ ឯកជនភាពរបស់អ្នកប្រើប្រាស់ នាពេលបច្ចុប្បន្នគឺវាមានច្រើនលើសលប់ ដោយអ្នកប្រើប្រាស់ជាច្រើន ពុំបានដឹងទេថា ទិន្នន័យរបស់ពួកគេកំពុងតែត្រូវបានទាញយក។ ជាងនេះទៅទៀតអ្នកប្រើប្រាស់ក៏ពុំបានដឹង ថាតើក្រុមហ៊ុនណាខ្លះដែល បានទិញយកទិន្នន័យទាំងនោះ។

ទោះបីជាក្រុមហ៊ុនហ្វេសប៊ុក បានចោទប្រកាន់ក្រុមហ៊ុន Apple ថាបានទាញយកផលចំណេញ ទាក់ទងនឹងមុខងារថ្មីនេះក៏ដោយ ប៉ុន្តែសម្រាប់ក្រុមអ្នកស្រាវជ្រាវ សុវត្ថិភាពបច្ចេកវិទ្យាវិញនោះ គេគិតថានេះគឺជាមុខងារដ៏ល្អ ហើយក្រុមហ៊ុនហ្វេសប៊ុក មានការមិនពេញចិត្តជាមួយ មុខងារថ្មីនេះដោយសារតែ ភាគច្រើននៃប្រាក់ចំណូល របស់ពួកគេគឺបានមកពីការប្រមូលទិន្នន័យ ឯកជនភាពរបស់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ឬលក់ទៅឱ្យក្រុមហ៊ុនទីបីនោះ ៕

Previous articleដំណឹងល្អបំផុត! ក្រសួង បន្តព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន ១៧នាក់ ខណៈ ៣ថ្ងៃជាប់គ្នាគ្មានអ្នកឆ្លងថ្មី
Next articleតោះមកដឹងពី វិធីសាស្ត្រចំនួន២ ដើម្បីបង្កើនសុវត្ថិភាពកម្មវិធី Telegram!