Home បច្ចេកវិទ្យា ជនអនាមិកប្រើ Google Drive ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ឱ្យចូលទៅក្នុងគេហទំព័រ ដែលមានមេរោគ

ជនអនាមិកប្រើ Google Drive ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ឱ្យចូលទៅក្នុងគេហទំព័រ ដែលមានមេរោគ

0

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ជនអនាមិកបានប្រើភាព ចន្លោះប្រហោងនៅក្នុង Google Drive ដើម្បីផ្ញើអ៊ីមែលឬការជូនដំណឹង ទៅឱ្យអ្នកប្រើប្រាស់ដែលមាន ភ្ជាប់មកជាមួយនូវមេរោគ។ ការបោកបញ្ឆោតនេះ គឺមិនមែនជារឿងថ្មីអីនោះទេ ហើយវាក៏ស្រដៀងទៅនឹង ការបោកបញ្ឆោតតាមរយៈអ៊ីមែលធម្មតា (Phishing) ដែលអ្នកប្រើប្រាស់ភាគច្រើន បានដឹងយូរមកហើយដែរ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ្នកប្រើប្រាស់ជាច្រើន បានទទួលការជូនដំណឹងតាមរយៈ Google Drive ដែលមានតំណភ្ជាប់ ទៅគេហទំព័រដែលមានមេរោគ។ នៅពេលដែលពួកគេចុច នៅលើតំណភ្ជាប់នោះវានឹងទាមទារ ឱ្យចុចលើតំណភ្ជាប់ផ្សេងៗទៀត ដើម្បីឈ្នះរង្វាន់ ចូលមើលគណនីធនាគារ ឬក៏ដើម្បីទទួលបានប្រាក់ជាដើម។

ទោះបីជាការបោកបញ្ឆោតនេះ មិនមានអ្វីថ្មីក៏ដោយ ប៉ុន្តែវាមានប្រសិទ្ធិភាពក្នុងការ បោកបញ្ឆោតអ្នកប្រើប្រាស់ដោយសារតែ អ៊ីមែលឬការជូនដំណឹងទាំងនោះ ត្រូវបានផ្ញើចេញពីកម្មវិធី Google Drive ដោយផ្ទាល់។ មូលហេតុដែលនាំឱ្យ ជនអនាមិកងាកមកប្រើ Google Drive ដើម្បីវាយប្រហារតាមរយៈ Phishing នោះគឺដោយសារតែ កម្មវិធីអ៊ីមែលភាគច្រើន មានប្រព័ន្ធការពារក្នុងការ ស្វែងរកមេរោគមុននឹងអុីមែលនោះត្រូវបានផ្ញើ ទៅឱ្យអ្នកប្រើប្រាស់។

ដើម្បីការពារសុវត្ថិភាព ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានសូមឱ្យលោកអ្នកមាន ការប្រុងប្រយ័ត្នក្នុងការចុចលើ តំណភ្ជាប់ណាមួយនោះ។ សូមកុំចុចលើតំណភ្ជាប់ ដែលលោកអ្នកពុំបានស្នើសុំ ឬមកពីប្រភពមិនដែលបានស្គាល់ ជាពិសេសសូមមានការប្រុងប្រយ័ត្ន នៅពេលដែលទទួលបានអ៊ីមែល ជាភាសាដែលមិនស្គាល់ ៕

Previous articleប្រទះឃើញសពស្ត្រីម្នាក់ស្លាប់ ក្នុងស្រែ សង្ស័យជាករណីឃាតកម្ម
Next articleព្យុះទី១៩ ឈ្មោះ ហ្គោនី នឹងចូលមកដល់កម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា តែមិនសូវមានឥទ្ធិពលខ្លាំងឡើយ