ប្រទះឃើញសពស្ត្រីម្នាក់ស្លាប់ ក្នុងស្រែ សង្ស័យជាករណីឃាតកម្ម

0

ភ្នំពេញ៖ ប្រទះជើញសពស្ត្រីម្នាក់ នៅក្នុងទឹកវាលស្រែ ត្រង់ចំណុចខាងត្បូងស្ពានភ្នំតុប ហៅស្ពានរាគអាចម៍ ចម្ងាយ១៥០ម៉ែត្រ ខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិត ក្នុងភូមិក្បាលស្ពានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២០ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ អាង សួ ភេទប្រុសអាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចខាងលើ ពេលនោះឃើញមែកឈើសង្កត់ដើមស្រូវ ក៏យកដៃទៅចាប់ទាញស្រាប់តែ ឃើញដៃសពជនរងគ្រោះ ផុសចេញមក ហើយក៏រត់ទៅរាយការណ៍ ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលម្កាក់ទៅពិនិត្យមើល។ ក្រោយទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរឹតធ្ងន់ កម្លាំងនគរបាលជំនាញ បច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យ យ៉ាងយកចិត្តទុកដាក់នៅលើខ្លួនសព មានស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម ១កន្លែង ដើមកខាងស្តាំ ១កន្លែង និងស្នាមឆូតលើផ្ទៃជាច្រើនកន្លែង។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានឲ្យដឹងទៀតថា សពមិនស្គាល់អត្តសញ្ញាណគ្រាន់តែដឹងថា ជនរងគ្រោះមានអាយុប្រមាណជាង ៣០ឆ្នាំ ពាក់អាវយឺតពណ៌ក្រហមដៃវែង ខោកីឡាជើងវែង ក្នុងនោះសមត្ថកិច្ច នៅកន្លែងកើតហេតុបានរកឃើញវ៉ែនតា នៅជាប់នឹងខ្លួន១ និងកូនកាំបិតចុងស្រួច។ បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ គឺជាករណីឃាតកម្មទុកជាមុន តែនៅមិនទាន់ដឹងថាជាករណីគំនុំ ប្លន់យកទ្រព្យសម្បតិ្ត ឬជាករណីស្នេហាត្រីកោណនោះឡើយ ។

សមត្ថកិច្ច ក៏កំពុងធ្វើការស្រាវជ្រាវវែកមុខឃាតក ដែលសម្លាប់ស្ត្រីយ៉ាងឃោរឃៅនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់ ឲ្យទាល់តែបាន ។ សមត្ថកិច្ចបានអំពាវនាវ ដល់បងប្អូនដែលបាត់សមាជិកគ្រួសារ ឬបងប្អូនដែលបានស្គាល់ស្ត្រីរងគ្រោះ សូមមេត្តាជួយផ្តល់ព័ត៌មានមកសមត្ថកិច្ចផងដែរ ៕