នោះ! សូម្បីតែប្រទេសប៉ាគីស្ថាន ក៏បានបិទកម្មវិធី TikTok

0

ភ្នំពេញ៖ ទោះបីជាក្រុមហ៊ុន ByteDance បានឈ្នះនៅក្នុងរឿងក្ដី ដើម្បីចៀសវាង ពីការបិទកម្មវិធី TikTok នៅក្នុងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ក៏ដោយក្តី ក៏នៅតែមានប្រទេសប៉ាគីស្ថាន បានសម្រេចចិត្ត បិទកម្មវិធី TikTok កាលពីម្សិលមិញនេះ បន្ទាប់ពីក្រុមហ៊ុន មិនបានធ្វើការកែសម្រួល ចំពោះការស្នើសុំ របស់រដ្ឋាភិបាលនោះ។

បើតាមការផ្សព្វផ្សាយរបស់ អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) បានឱ្យដឹងថា ការបិទនេះគឺដោយសារតែពួកគេ បានទទួលការតវ៉ាទាក់ទងនឹងព័ត៌មាន ឬសាច់រឿងអសីលធម៌ ដែលបានផ្សព្វផ្សាយ នៅក្នុងកម្មវិធីនេះ។ PTA ក៏បានបញ្ជាក់ផងដែរថា ពួកគេបានឱ្យពេលក្រុមហ៊ុន ជាច្រើនមកហើយដើម្បី ធ្វើការកែសម្រួលក្នុងការគ្រប់គ្រងព័ត៌មាន ដែលបានផ្សព្វផ្សាយ នៅក្នុងកម្មវិធី TikTok ប៉ុន្តែក្រុមហ៊ុនមិនបាន ធ្វើទៅតាមសំណូមពរ របស់ពួកគេនោះឡើយ ដែលជាហេតុធ្វើឱ្យមានការបិទ កម្មវិធីនេះ។ ជាឧទាហរណ៍នៅក្នុងរយៈពេលប្រមាណ ៦ខែដើមឆ្នាំនេះ រដ្ឋាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនបិទគណនីចំនួន៤០ ផ្ទុយទៅវិញក្រុមហ៊ុនអាចបិទបានតែពីរគណនីប៉ុណ្ណោះ។

ការបិទកម្មវិធី TikTok នៅក្នុងប្រទេសប៉ាគីស្ថាន គឺជាការខាតបង់ដ៏ធំមួយ សម្រាប់ក្រុមហ៊ុន ByteDance ព្រោះថាកម្មវិធីនេះ គឺជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធី១២ ដែលកំពុងតែពេញនិយម នៅក្នុងប្រទេសនេះ ដោយមានការទាញ យករហូតដល់ទៅ ៤៣លានដង គិតមកទល់នឹងបច្ចុប្បន្ននេះ។ គួររំឭកផងដែរថា ប៉ាគីស្ថាន បានចាប់ផ្ដើមពង្រឹង លើប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមរបស់ខ្លួន ដែលកាលពីខែមីនាកន្លងទៅ ពួកគេបានផ្សព្វផ្សាយ តាមរយៈអង្គភាព គាំពារប្រជាជន ដែលទាមទារឱ្យ ក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ មានការប្រុងប្រយ័ត្នជាមួយ នឹងព័ត៌មាន ដែលមានប្រធានបទ វេទយិត ភាពទាក់ទងនឹងប្រពៃណី ពូជសាសន៍ និងសុវត្ថិភាពសង្គម របស់ប្រទេសប៉ាគីស្ថាន៕