ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ លោកស្រីចៅក្រម Laurel Beeler នៃរដ្ឋ San Francisco បានសម្រេចឱ្យផ្អាកការបញ្ជា ឱ្យបិទការទាញយកកម្មវិធី WeChat របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីតុលាការនេះ បានទទួលពាក្យបណ្ដឹងជំទាស់ ពីអ្នកប្រើប្រាស់កម្មវិធីនេះដែលថា ការបិទនេះបានរំលោភលើ សិទ្ធិបញ្ចេញមតិរបស់ពួកគេ ដែលមានចែងនៅក្នុងមាត្រាទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។
លោកស្រីចៅក្រម បានបញ្ជាក់នៅក្នុងសាលក្រមថា “ទោះបីជារដ្ឋាភិបាលបានបង្ហាញ ឱ្យឃើញអំពីគ្រោះថ្នាក់ដល់ សុវត្ថិភាពជាតិពីរដ្ឋាភិបាលចិនក៏ដោយ ប៉ុន្តែលោកស្រីគិតថាការបិទកម្មវិធីនឹងជួយតិចតួចបំផុតក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងសុវត្ថិភាពជាតិនេះ”។
បើតាមទិន្នន័យរបស់អ្នកស្រាវជ្រាវ មានអ្នកប្រើប្រាស់ប្រមាណ ១៩លាននាក់កំពុងប្រើកម្មវិធី WeChat នៅក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើនគឺជា និស្សិតជនជាតិចិន ឬជនជាតិអាមេរិកដែល មានទំនាក់ទំនងផ្ទាល់ខ្លួន ឬពាណិជ្ជកម្មទាក់ទងនឹងប្រទេសចិន។
គួររំឭកផងដែរ ថាក្រសួងពាណិជ្ជកម្មបានបញ្ជាឱ្យ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បិទកម្មវិធី WeChat កម្មវិធី TikTok នៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែកម្មវិធី TikTok ត្រូវបានពន្យារពេលឱ្យមួយសប្តាហ៍ទៀត ក្រោយពីរដ្ឋាភិបាលទទួលបាន កិច្ចព្រមព្រៀងថ្មីពីក្រុមហ៊ុន ByteDance ៕