ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី ឈ្មោះ Chris Moberly ដែលធ្វើការនៅក្រុមហ៊ុន GitLab បានរកឃើញកំហុសឆ្គងនៅក្នុងកម្មវិធី Firefox សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឱ្យជនអនាមិក បញ្ចូលមេរោគតាមរយៈកម្មវិធី Firefox ដោយធ្វើឱ្យកម្មវិធីនេះអាចបើកគេហទំព័រ ឬបញ្ចូលកម្មវិធីបន្ថែមរបស់ Firefox ដែលមានផ្ទុកមេរោគ។
ការវាយប្រហារនេះ អាចកើតមានឡើង នៅពេលដែលជនអនាមិក និងអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធ WiFi តែមួយ ដោយពួកគេបានប្រើភាព ចន្លោះប្រហោងនៅក្នុង Firefox SSDP ដែលជាផ្នែកមួយនៅក្នុងកម្មវិធី Firefox សម្រាប់ចែកចាយ ឬទទួលទិន្នន័យជាមួយ ឧបករណ៍ផ្សេងៗទៀតដើម្បីបញ្ចូលមេរោគ។ ជាឧទាហរណ៍ អ្នកវាយប្រហារនេះអាចប្រើប្រាស់ប្រព័ន្ធ WiFi នៅក្នុងហាងកាហ្វេដើម្បី បញ្ចូលកម្មវិធីមេរោគបាន ដូច្នេះសម្រាប់លោកអ្នកដែលកំពុងប្រើកម្មវិធី Firefox ស្របពេលនឹងការវាយប្រហារនេះ ទូរសព្ទលោកអ្នកអាចនឹង បើកចូលទៅគេហទំព័រដែលមាន ផ្ទុកមេរោគដោយស្វ័យប្រវត្តិ។
សូមបញ្ជាក់ផងដែរថា បញ្ហានេះគឺមានតែនៅ ក្នុងប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ ហើយវាពុំមានការប៉ះពាល់ ទៅលើកម្មវិធីសម្រាប់កំព្យូទ័រ ឬប្រព័ន្ធប្រតិបត្តិការ iOS ទេ។ ដូច្នេះដើម្បីធានាបាននូវ សុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ លោកអ្នកគួរតែចូលទៅក្នុង Play Store ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ ឱ្យបានឆាប់រហ័ស ៕