ភ្នំពេញ៖ ឯកឧត្តម លី ឡាយ ដែលជាប្រធានក្រុមអ្នកគាំទ្រក្លិបវិសាខា បានលើកឡើងនៅព្រឹកនេះថា ម៉ោងនេះពេលនេះអ្វីដែលយើងត្រូវធ្វើបំផុត គឺលើកទឹកចិត្តដល់កីឡាករ ទៀត គឹមហេង ព្រោះថាយើងជាខ្មែរដូចគ្នា ។
នៅរាត្រីយប់មិញនេះដែរ លោកស្រី កែ សួនសុភី ម្ចាស់ក្លិបវិសាខា ក៏បានលើកឡើងថា នឹងព្យាយាមស្វែងរកអ្នកដែលបុកហើយរត់ ។ ដែលអ្នកស្រីបានឈរជាជំហរយ៉ាងមុតមាំ ដោះស្រាយ នូវបញ្ហាដែលបានកើតឡើងដល់ កីឡាកររបស់អ្នកស្រី ។
ទន្ទឹមជាមួយគ្នានេះដែរ មហាជនកំពុងតាមដានទៅលើហេតុការណ៍នេះ យ៉ាងចិត្តទុកដាក់ ទាំងមានភាពវិជ្ជមាន និងអវិជ្ជមាន ។
ដោយឡែកនៅព្រឹកថ្ងៃទី២៨ ខែមិថុនា វិញ ឯកឧត្តម លី ឡាយ ប្រធានក្រុមអ្នកគាំទ្រក្លិបវិសាខា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា #អរគុណសួស្តីបងប្អូនទាំងអស់គ្នា យប់មិញខ្ញុំបានផុសវិដេអូឃ្លីបដែលប្អូនប្រុសក្រោយពេលដឹងខ្លួន ហើយទើបដឹងថា: មិត្តស្រីត្រូវបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គាត់បានទ្រហោយំ មើលទៅគួរអោយអាណិតអាសូរប្អូនប្រុសជាពន់ពេក ហើយក៏ឃើញមានបងប្អូនជាមនុស្សល្អៗចូលមក Comments និង Shares ជាង 3.3K នេះឆ្លុះបញ្ចាក់ថា: មានបងប្អូនជាច្រើនក៏អាណិតអាសូរដល់ប្អូនប្រុស និងយល់ពីអាការៈប្អូនប្រុសនៅថ្ងៃកើតហេតុដូចខ្ញុំដែរ។
ឯកឧត្តមបានបន្តថា គឺមិនដូចបងប្អូនមួយចំនួនទៀតគឺបានរិះគន់ដល់ប្អូនប្រុស។ ពេលនេះម៉ោងនេះ អ្វីដែលយើងទាំងអស់គ្នាដែលជាកូនខ្មែរដូចគ្នាត្រូវនិយាយ និងត្រូវធ្វើ គឺយើងត្រូវលើកទឹកចិត្តដល់ប្អូនប្រុស ព្រោះថា: អ្នកស្លាប់គាត់បានស្លាប់ហើយ ព្រលឹងគាត់ក៏បានទៅកាន់សុខគតិភពហើយដែរ ចំណែកប្អូនប្រុសនៅសង្គ្រោះក្នុងមន្ទីរនៅឡើយទេ ហើយបើយើងទាំងអស់គ្នាមិនលើកទឹកចិត្តដល់ប្អូនប្រុសទេ តើអោយប្អូនប្រុសប្រឈមមុខនឹងខ្លួនឯង នឹងមហាជនយ៉ាងម៉េច? ហើយអនាគតប្អូនប្រុសទៅជាយ៉ាងម៉េច?
បញ្ជាក់ផងដែរថា គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងនៅតាមបណ្តោយផ្លូវលេខ៣១០ កែងនឹងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានរថយន្តមិនចាំម៉ាកបើកយ៉ាងលឿនបុក ពេញទំហឹង ទៅលើ កីឡាករ ទៀត គឹមហេង ដែលកំពុងជិះម៉ូតូម៉ាក PCX ឌុបមិត្តស្រី បណ្តាលអោយហោះផ្លោងបោកនឹងខឿន៕