កីឡាករខ្សែការពារប្រេស៊ីលវ័យចំណាស់ David Luiz បានក្លាយទៅជាប្រធាននៅក្នុងបណ្តាញសារព័ត៌មានជាច្រើននៅព្រឹកនេះក្រោយពេលដែល Arsenal បានត្រឹមបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វៃដៃម្ចាស់ផ្ទះមេឃខៀវ Man City ដល់ទៅ៣ទល់នឹង០។
ទំរង់លេងដ៏យ៉ាប់យ៉ឺនរបស់ Luiz ដែលត្រូវបានគ្រប់គ្នាមើលឃើញហើយនិងកាតក្រហមនៅនាទីទី៥១ផងបានធ្វើឲ្យ Arsenal ទទួលបានបរាជ័យក្នុងការប្រកួតដំបូងពេលត្រឡប់ Premier League មកវិញកាលពីយប់មិញនេះ។
ក្រោយការប្រកួតភ្លាមៗកីឡាករ Luiz ក៏បានចេញមកថ្លែងដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនដោយនិយាយថាវាគឺជាទំនួលខុសត្រូវរបស់គាត់ទាំងអស់សម្រាប់បរាជ័យលើកនេះ។ Luiz ត្រូវបានដូរចូលលេងនៅនាទីទី២៤និងបន្តលេងរហូតដល់ពេលខ្លួនបានបង្កកំហុសទៅលើកីឡាករ Riyad Mahrez ។
មានការលើកឡើងជាច្រើនផងដែរអំពីថាកីឡាកររូបនេះនឹងមិនអាចបន្តលេងទីនេះទៀតឡើយប៉ុន្តែចំពោះកីឡាករផ្ទាល់វិញដែលមានកុងត្រារហូតដល់ចុងរដូវកាលនេះនោះបានបញ្ជាក់ថាគាត់នឹងនៅតែបន្តលេងជាមួយនឹង Arsenalបន្ថែមទៀត៕
ប្រែសម្រួល៖ Lee