កត្តាសុខភាព នាំឲ្យម្ចាស់មេដាយមាស ពិភពលោក ៤ជំនាន់ វីរកីឡាការិនី កែ ឡេង សម្រេចចិត្តចូលនិវត្តន៍

0

ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាព របស់លោកស្រីមិនអាចទ្រាំទ្រ តទៅមុខទៀតបាន។ នេះបើយោងតាមផេកហ្វេសប៊ុករបស់ Cambodia SEA GAMES 2023។

ថ្លែងប្រាប់ក្រុមការងារព័ត៌មាន CAMSOC លោកស្រី កែ ឡេង បន្ថែមទៀតថា ការសម្រេចចិត្តលាឈប់ពី វិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាព សុខភាពរបស់លោកស្រីផ្ទាល់ ចុះខ្សោយមិនអាចបន្តស៊ូទ្រាំ នឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។ ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅហើយ ពុំអាចបន្តការចូលរួមប្រកួត លើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការហ្វឹកហាត់ យូរម៉ោងក្នុង១ថ្ងៃៗ។

ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើន នៅអង្គភាពរបស់ខ្លួនក្រោមចំណុះ ក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីព កីឡាការិនីប៉េតង់ដ៏ឆ្នើមបំផុតរបស់កម្ពុជា រូបនេះអាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។

កន្លងមក វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុតែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈអន្តរជាតិម្តងៗ លោកស្រីសម្លឹងមើលគោលដៅ (ប៊ី) ដើម្បីវាយឲ្យចំគោលដៅ ហើយលោកស្រីតែងតែទទួលបាន ការកោតសរសើរពីមហាជនថា ម្ចាស់មេដាយមាស ៤ជំនាន់ជាប់ៗគ្នា របស់ពិភពលោករូបនេះ វាយចំគោលដៅបានយ៉ាងល្អបំផុត ដោយមិនទាន់មានកីឡាការិនីអន្តរជាតិ ណាម្នាក់បំបែកកំណត់ត្រា គ្រប់គ្រងម្ចាស់មេដាយមាស ពីការប្រកួតជើងឯកពិភពលោក រហូតដល់ ៤សម័យកាលជាប់ៗគ្នាបែបនេះឡើយ។

លោកស្រីបន្ថែមថា មកដល់ពេលនេះលោកស្រី មិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូល និងប៉េតង់កម្ពុជាណា ម្នាក់អាចស្នងដំណែងរបស់ លោកស្រីបាននៅឡើយទេ។

សូមរម្លឹកថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពី ការប្រកួតជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា ពោលគឺចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ដែលភាពល្បីល្បាញនេះ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មាន ភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិ បានផ្តល់សិទ្ធិឲ្យកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

នៅក្នុងឋានៈជាម្ចាស់ផ្ទះ ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ ដែលជាមេដាយមាស ពិភពលោកជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី។ វិញ្ញាសាវាយយកពិន្ទុនារីនេះ ម្ចាស់មេដាយមាស កីឡាការិនី កែ ឡេង បានយកឈ្នះលើកីឡាការិនីប្រទេសឡាវ នៅវគ្គផ្តាច់ព្រ័ត្រ ដោយកីឡាការិនីឡាវ បានត្រឹមមេដាយប្រាក់ រីឯម្ចាស់មេដាយសំរឹទ្ធ និងសំរឹទ្ធស្ទួនបានទៅលើ កីឡាការិនីមីយ៉ាន់ម៉ា និង ចិន។

កីឡាការិនី កែ ឡេង ក៏បានជួយក្រុមយកឈ្នះមេដាយសំរឹទ្ធ១ វិញ្ញាសាក្រុមដែរ គឺវិញ្ញាសា៣ទល់៣នាក់នារី មានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា។ ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ៕