ជនឱកាសនិយមផ្ដើមរើសអើង បន្ថោក និងមិនចាយលុយដុល្លារ

0

ភ្នំពេញ៖​ ក្រោយពេលធនាគារជាតិនៃកម្ពុជា ប្រកាសទុកពេល ៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេសនោះ ស្រាប់តែនៅថ្ងៃនេះមាន ក្រុមជនឱកាសនិយមមួយចំនួន ឆ្លៀតប្រើប្រាស់ឱកាសនេះ ទាញយកផលប្រយោជន៍ខ្លួនឯង ហួសហេតុតាមរយៈការរើសអើង ការមិនទទួលយក និងការបន្ថោកលុយដុល្លារជាដើម។

ទាក់ទិនករណីនេះ លោក ជុំ កុសល មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ឧសភានេះថា
«ជនឱកាសនិយមមួយចំនួនឆ្លៀត ប្រើប្រាស់ឱកាសនេះទាញយក ផលប្រយោជន៍ខ្លួនឯងហួសហេតុ ។ ព្រឹកមិញស្តាប់វិទ្យុABC FM107.50MHz មានបុរសម្នាក់បានផ្តល់ ព័ត៌មានរបស់ខ្លួនមកថា៖ គាត់បានយកប្រាក់ដុល្លារអាមេរិកចំនួន 500$ ទៅប្តូរយកប្រាក់រៀល បែរជាមានការកាត់អស់ 50$ មានន័យថា គិតជាប្រាក់រៀលជាមួយ ប្រាក់ដុល្លារឲ្យបានតែត្រឹម 450$ប៉ុណ្ណោះ ។ នេះបានចំជាជនឱកាសនិយមមែន ។ ឯក្រដាសប្រាក់ដុល្លារ1$ 2$ និង 5$ ធនាគារជាតិធ្វើការតែ ជាមួយធនាគារឯកជនទេ ឯនៅលើទីផ្សារគឺមានចរន្តជាធម្មតា ។ ប៉ុន្តែបែរជាអាជីវករខ្លះបដិដេធទៅវិញ ។ សូមបងប្អូនកុំទាន់នាំគ្នា ឈានទៅដល់ការមិនទទួលយកអី ព្រោះធនាគារជាតិមិនបាន ប្រកាសឲ្យឈប់ទទួលឯណា?» ។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ក៏បានលើកឡើងថា «នៅកន្លែងអគ្គិសនីចាក់អង្រែក្រោម 10:00 នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ខ្ញុំយកលុយទៅបង់ប៉ុន្តែ ក្រដាស់ប្រាក់ដុល្លារ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ គាត់អត់យកទេ»។

សូមរំលឹកថា ក្រៅពីការប្រកាសថា ក្រដាសប្រាក់ដុល្លារតូចៗ នៅតែអាចចរាចរលើទីផ្សារបានធម្មតានោះ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសទុកពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ៕