ក្តីសង្ឍឹមរបស់ Barcelona ក្នុងការចុះហត្ថលេខាយក ខ្សែបម្រើ Miralem Pjanic ពីសេះបង្កង់ កំពុងបង្កើនទៅមុខ ខណៈដែលក្លិបអ៊ីតាលីនេះ ចង់បាន Ousmane Dembele ក្នុងវិធីផ្សេងមួយទៀត។
Ousmane Dembele អាយុ ២៣ឆ្នាំ បានស្ថិតក្នុងបញ្ជីរបួសនិងបានបាបត់បង់ទម្រង់លេងចាប់តាំងពីចូលរួមលេងជាមួយ Borussia Dortmund ក្នុងតម្លៃ ១៣៨ លានផោនក្នុងឆ្នាំ ២០១៧ ។
កាសែត Mundo Deportivo នៅថ្ងៃចន្ទនេះ បានចុះថា Barcelona ត្រូវការលក់កីឡាករអាយុ ២៣ឆ្នាំ ដើម្បីបង្កើនថវិកា ក្នុងការទិញយកគោលដៅកំពូលៗ ដោយក្នុងនោះមាន Pjanic, Lautaro Martinez និង Neymar ដែលជាកីឡាករពួកគេចង់បាន។
កន្លងទៅ លោក Quique Setien ចង់ធ្វើការជាមួយ Dembele ដើម្បីបង្កើនសក្តានុពលរបស់គាត់នៅលើទីលាន ។ ប៉ុន្តែពេលនេះក្លិបមាន Lionel Messi, Luis Suarez, Antoine Griezmann, Ansu Fati និង Martin Braithwaite ផងនោះ កីឡាករ អាយុ ២៣ឆ្នាំ នេះ អាចនឹងត្រូវប្រើក្នុងវិធីចរចាយក ខ្សែបម្រើ Pjanic ។
តាមពិតទៅសេះបង្កង់ចង់បានខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur Melo ដែលជាជម្រើសដ៏សំខាន់របស់គេ ក្នុងកិច្ចព្រមព្រៀងដោះដូរ ។ តែរបាយការណ៍ក្នុងប្រទេសអេស្ប៉ាញចុះថា សាមីខ្លួនមិនចង់ទៅកាន់ទឹកដីអ៊ីតាលីនោះទេ ដូច្នេះហើយក្លិបបាសេឡូណា ត្រូវស្វែងរកកីឡាករម្នាក់ទៀត ដែលមានចំណាប់អារម្មណ៍ទៅកាន់ Juventus ដើម្បីរក្សាកិច្ចព្រមព្រៀង។
Pjanic អាយុ ៣០ឆ្នាំ ត្រូវបានវាយតម្លៃខ្ពស់ ពីក្រុម Juventus ហើយអាចនឹងផ្ទេរក្នុងតម្លៃ 53.6 លានផោន ថ្វីបើកំពុងមានបញ្ហាប៉ះពាល់ដោយកូវីដ១៩ ។
បញ្ជាក់ផងដែរថា កីឡាករសញ្ជាតិប៊ូស្នៀរូបនេះ បានទទួលជោគជ័យធំនៅ Juventus ក្រោយចាកចេញពី Roma នៅឆ្នាំ ២០១៦ ដោយជួយឲ្យក្លិបឈ្នះពាន Serie A ចំនួន ៣ និង Italian Cups ចំនួន ២ ៕