ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា បើទោះបីជាមានការហាមឃាត់ ពីអាជ្ញាធរយ៉ាងណាក៏ដោយ ក៏នៅតែមានការផ្សព្វផ្សាយ លក់បារីអេឡិចត្រូនិក នៅលើបណ្ដាញសង្គមដដែល ខណៈដែលអ្នកប្រើប្រាស់បារីនេះ អាចប្រឈមនឹងគ្រោះថ្នាក់ កាន់តែខ្ពស់ បើសិនឆ្លងជំងឺកូវីដ១៩ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ អង្គការចលនាដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៥ ឧសភានេះ បានឲ្យដឹងថា ដោយសារតែការប្រើប្រាស់ បារីអេឡិចត្រូនិក បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួត ជាពិសេសអ្នកប្រើប្រាស់ បារីអេឡិចត្រូវនិក អាចឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់ បើសិនជាគាត់ឆ្លងជំងឺ កូវិដ១៩ ។
អង្គការចលនាដើម្បីសុខភាពកម្ពុជាបញ្ជាក់ថា «បារីអេឡិចត្រូនិក និងSisha ត្រូវបាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហាមឃាត់មិនឲ្យមានការលក់ និងមិនឲ្យមាន ការប្រើប្រាស់ឡើយ។ ទោះជាមានការហាមឃាត់បែបនេះក្តី យើងនៅតែឃើញមានការ ផ្សព្វផ្សាយលក់ បារីអេឡិចត្រូនិក នៅលើបណ្ដាញសង្គមជាច្រើន ដោយប្រើឈ្មោះថា ម៉ាស៊ីនផ្ដាច់បារី»។
អង្គការសុខភាពកម្ពុជា ក៏បានអំពាវនាវឲ្យ អាជ្ញាធរមានសមត្ថកិច្ច គួរតែរឹតបន្តឹងវិធានការហាមឃាត់ការលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិក ឲ្យបានហ្មត់ចត ដើម្បីទប់ស្កាត់ការរីករាលដាល កូវីដ១៩ និងជំងឺផ្សេងៗ ជាពិសេស ក្នុងចំណោមសិស្សសាលា វ័យក្មេង ៕