អតីតខ្សែការពារបិសាចក្រហមថា Pogba អាចលើកពានរង្វាន់ Ballon d’Or នាពេលអនាគតជូន Man Utd

0

លោក Gary Neville បានសារភាពថាគាត់កំពុងតែរំពឹងទុកថា Paul Pogba នឹងឈរនៅក្បែរ Bruno Fernandes សម្រាប់ក្រុម Manchester United មុនពេលដែលកីឡាករសញ្ជាតិបារាំងរូបនេះអាចឈ្នះពានរង្វាន់ Ballon d’Or នាពេលអនាគត។

បន្ទាប់ពីការមកដល់របស់ Fernandes ក្នុងតម្លៃ ៦៨លានផោន ពី Sporting Lisbon កាលពីខែមករាគាត់មិនទាន់បានចាប់ដៃគូជាមួយ Pogba នៅតំបន់កណ្តាលទេដោយសារតែកីឡាកររូបនេះបានរងរបួសកជើង ជាប់ៗគ្នា​នៅរដូវកាលនេះ ។

ការមកដល់នេះ បានធ្វើឲ្យមានសំនួរចោទសួរថា តើ Fernandes អាចនឹង​មានទំនាក់ទំនងគ្នាយ៉ាង​ណា ជាមួយបុរសសញ្ជាតិបារាំង ? ប៉ុន្តែលោក Neville បានលើកឡើងថា ពួកគេ នឹងធ្វើរឿងអស្ចារ្យ ដោយបង្ហាញខ្លួនលេងយ៉ាងល្អ នៅចំកណ្តាលនៃបេះដូងរបស់ក្រុមបិសាចក្រហម។​
នៅលើធ្វីតទ័រ គេក៏បានសួរអំពីបញ្ហារវាងកីឡាករទាំងពីរ ទៅកាន់លោក Neville ​ផងដែរ ។​

អតីតខ្សែការពារស្តាំរបស់ក្រុមបិសាចក្រហមនិងអង់គ្លេសរូបនេះបានឆ្លើយតបថា“ ពួកគេអាចនឹងមានភាពអស្ចារ្យជាមួយគ្នាប្រសិនបើពួកគេសម្របសម្រួលនិងធ្វើការជួយគ្នា” ។
បន្ទាប់មក Neville ត្រូវបានគេសួរថាតើអ្នកណាដែលគាត់គិតថាជាកីឡាកររបស់ក្រុមបិសាចក្រហមបច្ចុប្បន្នអាចបន្តឈ្នះ Ballon d’Or ?​
បុរស​អាយុ ៤៥ឆ្នាំនេះ បានអះអាងដោយឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលថា Paul Pogba ទំនងជាអាច។

បញ្ជាក់ផងដែរថា អនាគតរបស់ Pogba នៅ Old Trafford នៅតែមិនច្បាស់ខណៈពេលដែលគាត់បន្តជាប់ទាក់ទងនឹងការចាកចេញពីក្រុម Manchester ចំពេលមានបញ្ហារបួស៕