នៅថ្ងៃនេះមានការអះអាងដោយ The Sun ថាក្លឹបកាំភ្លើងធំ Arsenal អាចនឹងធ្វើការលក់កីឡាកររបស់ខ្លួនចំនួន ៦នាក់ចេញពីក្លឹប ដោយសារតែចាំបាច់ថាដល់ពេលត្រូវសងលុយ ដែលខ្លួនជំពាក់ក្នុងការទិញយកកីឡាករខ្សែប្រយុទ្ធ Nicolas Pepe នាពេលកន្លងមក។
កាំភ្លើងធំ Arsenal បានចំណាយលុយបំបែកឯកទក្តកម្មក្លឹបប្រមាណជា ៧២លានផោន ទិញយក Pepe កាលពីរដូវក្តៅពីក្លឹប Lille ជាមួយនឹងកុងត្រាដែលមានរយៈពេល៥ឆ្នាំ ប៉ុន្តែត្រូវបានដឹងថាក្លឹប នៅមិនទាន់បង់លុយទាំងនោះអស់នៅឡើយ។ មិនមានការបញ្ជាក់ទេថាទំហំលុយណាដែល Arsenal នៅជំពាក់ Lille ប៉ុន្តែប្រភពដដែលបានអះអាងថាកីឡាករ ៦រូបនឹងត្រូវលក់ចេញដើម្បីការងារនេះ។
ចាប់តាំងតែពីវិបត្តិកូវីដ១៩មក ក្លឹបបានជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ឈានទៅដល់ការស្នើសុំចរចាជាមួយនឹងកីឡាករ ដើម្បីទទួលយកសំណើរសុំកាត់ប្រាក់ខែប្រមាណជា ១២,៥ភាគរយ ដើម្បីបន្ថូរបន្ថយភាពតានតឹងបច្ចុប្បន្ន ទោះបីជាមានកីឡាករខ្លះយល់ព្រម ខ្លះទៀតមិនយល់ព្រមក្តី ហើយប្រធានផ្នែកបាល់ទាត់លោក Raul Sanllehi បានព្រមានផងដែរថា ការនាំចូលកីឡាករថ្មីរដូវកាលនេះ នឹងមិនក្លាយទៅជាការងារអទិភាពរបស់ក្លឹបនោះទេ៕
ប្រែសម្រួល៖Lee